ព័ត៌មាន
សហជីពព្រមានថា ការទាមទារប្រាក់ឈ្នួលខ្ពស់ហួសកម្រិតអាចធ្វើឱ្យកម្ពុជារងការប្រកួតប្រជែង និងបាត់បង់ឱកាសការងារ
នៅក្នុងកិច្ចសម្ភាសន៍ស្តីពីការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ភាគីសហជីពបានបង្ហាញជំហរមួយប្រកបដោយការប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់លើ «តុល្យភាពរវាងការចង់បានប្រាក់ឈ្នួលខ្ពស់ និងការរក្សាស្ថិរភាពការងារ» ដើម្បីធានាថា កម្ពុជានៅតែរក្សាបាននូវភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគ។

ជួបសម្ភាសន៍ជាមួយ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ លោកបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងនាមជាអ្នកការពារសិទ្ធិកម្មករពិតជាចង់បានការដំឡើងប្រាក់ឈ្នួលខ្ពស់ជូនដល់កម្មករដូចគ្នា ប៉ុន្តែចំពោះមុខគឺត្រូវគិតគូរដោះស្រាយដាច់ខាតនូវស្ថិរភាពការងារ ការរក្សាអ្នកវិនិយោគចាស់ និងការទាក់ទាញអ្នកវិនិយោគថ្មី។ លោកបន្តថា គិតត្រឹមឆ្នាំ២០២៦ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា គឺខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ ដែលទទួលបានប្រាក់ឈ្នួលសរុបចំនួន ២២៩.៥ដុល្លារ ដែលក្នុងនោះប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតត្រូវតែទទួលបានចំនួន ១៩,៥ដុល្លារ។
ចំណុចលេចធ្លោមួយទៀត លោក សំ សឿន បានគូសរំលេចទៀតថា គឺបញ្ហាឱកាសការងារសម្រាប់អតីតពលករ។ លោកចាត់ទុកថា ជាមោទនភាពមួយដែលកន្លងមកអតីតពលករកម្ពុជារាប់ម៉ឺននាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃ ក្រោយពេលជួបវិបត្តិជម្លោះព្រំដែន ទទួលបានឱកាសការងារធ្វើឡើងវិញក្នុងវិស័យកាត់ដេរ តាមរយៈការពង្រីករោងចក្រ សហគ្រាសថ្មីៗ។
ជាមួយនេះ លោក បានចោទជាសំណួរដាស់តឿនថា បើសហជីពមួយចំនួននៅតែទាមទារចង់បានការដំឡើងប្រាក់ឈ្នួលខ្ពស់ដែលហួសកម្រិត ធ្វើឱ្យថៅកែគ្មានលទ្ធភាពផ្តល់ជូន ហើយបាត់បង់រោងចក្រ សហគ្រាសដែលគេរើទៅប្រទេសផ្សេងៗទៀតនោះ សួរថា តើឱកាសការងាររបស់អតីតពលករ ក៏ដូចជាប្រជាពលរដ្ឋដទៃផ្សេងទៀតកំពុងស្វែងរកការងារធ្វើ និងកំពុងធ្វើការ ហើយបាត់បង់ទៅវិញតើអ្នកណាជាអ្នកទទួលខុសត្រូវ?។
ស្របពេលជាមួយគ្នានេះ ផ្អែកលើការចុះសម្ភាសន៍ផ្ទាល់ជាមួយក្រុមកម្មករកាត់ដេរកាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅ កម្មករ កម្មការិនី បានរំពឹងទុកថា បញ្ហាអាទិភាពចម្បងដែលពួកគាត់ចង់ឱ្យមានដំណោះស្រាយក្នុងពេលនេះ មានដូចជាតម្លៃទំនិញ ថ្លៃម្ហូបអាហារ និងថ្លៃបន្ទប់ជួលជាដើម គឺមិនមានតុល្យភាពនឹងគ្នាទេ។ ដូច្នេះអ្វីដែលពួកគាត់ចង់បាន គឺយន្តការគ្រប់គ្រងតម្លៃទីផ្សារពីសំណាក់រាជរដ្ឋាភិបាល រួមជាមួយការរក្សាឱ្យបាននូវស្ថិរភាពការងារយូរអង្វែង ដើម្បីធានាដល់ការរស់នៅជាក់ស្តែង។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំត្រីភាគីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីកន្លងទៅដែលសម្របសម្រួលដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីសហជីពតំណាងកម្មករនិយោជិតបានបង្ហាញតួលេខទាមទារពីរខុសគ្នា ដោយសហជីពភាគច្រើនស្នើតួលេខកំណើន ១៥,៣ដុល្លារ ខណៈសហជីពមួយចំនួនទៀតចង់បានការដំឡើងរហូតដល់ ៤០,៦ដុល្លារបន្ថែម។ ផ្ទុយទៅវិញ ភាគីនិយោជកនៅតែបន្តរក្សាជំហរស្នើឱ្យរក្សាតួលេខប្រាក់ឈ្នួលនៅដដែលត្រឹមចំនួន ២១០ដុល្លារ ដោយលើកហេតុផលពីការប្រកួតប្រជែងតម្លៃ និងការចំណាយលើអត្ថប្រយោជន៍ផ្សេងៗ។ ការចរចានេះ នឹងត្រូវបន្តធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីស្វែងរកចំណុចព្រមព្រៀងរួមមួយចុងក្រោយ មុនពេលប្រកាសជាផ្លូវការ៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣