ព័ត៌មាន
ផលិតកម្ម និងការនាំចេញមមាញឹក ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងអាកាសកើនឡើង
ភ្នំពេញ៖ សកម្មភាពដឹកជញ្ជូនទំនិញរបស់កម្ពុជា ដើម្បីបម្រើដល់វិស័យផលិតកម្ម និងការនាំចេញ កំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ខណៈក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦នេះ ការដឹកជញ្ជូនទំនិញតាមកំពង់ផែស្វយ័តភ្នំពេញកើនឡើង ២៤% និងការដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើង ១៧%។ កំណើននេះស្របពេលសកម្មភាពផលិតកម្ម និងការនាំចេញមានភាពមមាញឹក ជាពិសេសក្នុងរដូវកាលដែលតម្រូវការដឹកជញ្ជូនអន្តរជាតិកើនឡើង។
របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងរយៈពេលខែឆ្នាំ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសម្រេចបានចំនួន ៦៦,៥៥៩ តោន កើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែក ការដឹកជញ្ជូនទំនិញ-ប្រេងឥន្ធនៈ ឆ្លង់កាត់កំពង់ផែស្វ័យភ្នំពេញមានចំនួនជាង ៣,៩៤លានតោន កើនឡើង ៦,៦០ភាគរយ ខណៈបរិមាណកុងតឺន័រមានចំនួនជាង ៤៨ម៉ឺន ធីអ៊ីយូ កើន ២៣,៩០ភាគរយ និងរកចំណូលបានជាង ៣៩,៩៣លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍ពុំធ្វើសវនកម្មរបស់កំពង់ផែស្វ័យភ្នំពេញ។
លោកឧកញ៉ា ស៊ិន ចន្ធី អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម បានឱ្យដឹងថា បរិមាណទំនិញដែលដឹកជញ្ជូនពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមផ្លូវអាកាស កំពុងមាននិន្នាការកើនឡើង ដោយសារបច្ចុប្បន្នជារដូវកាលមមាញឹក (Peak Season) ដែលមានរយៈពេលចាប់ពីពេលនេះរហូតដល់ខែវិច្ឆិកា។
លោកឧកញ៉ាបានបញ្ជាក់ថា ក្នុងរដូវកាលនេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងសម្ភារកីឡា ពីកម្ពុជាមានសកម្មភាពមមាញឹកខ្លាំង។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងធានាល្បឿននៃការដឹកជញ្ជូន ទំនិញមួយចំនួនត្រូវបានបង្វែរពីការដឹកជញ្ជូនតាមផ្លូវទឹក មកដឹកជញ្ជូនតាមផ្លូវអាកាសវិញ ព្រោះអាចចំណេញពេលវេលា និងនាំទំនិញទៅដល់គោលដៅបានឆាប់រហ័សជាងមុន។ ជាទូទៅ «រដូវកាលមមាញឹក» សំដៅលើរយៈពេលជាក់លាក់មួយក្នុងឆ្នាំ ដែលតម្រូវការ ការធ្វើដំណើរ ឬសកម្មភាពអាជីវកម្មកើនឡើងខ្ពស់ជាងធម្មតា ដែលជំរុញឱ្យតម្រូវការសេវាដឹកជញ្ជូន និងភស្តុភារកម្មកើនឡើង តាមផងដែរ។
លោកបន្តថា ដោយឡែក ការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា ក៏បានបង្ហាញពីសន្ទុះកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន។ និន្នាការនេះត្រូវបានជំរុញដោយសមត្ថភាពវិស័យភស្តុភារកម្មដែលកាន់តែប្រសើរឡើង និងអាចឆ្លើយតបនឹងការកើនឡើងនៃផលិតកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា។
ឧកញ៉ា ស៊ិន ចន្ធី អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម មានប្រសាសន៍ថា៖ «សមត្ថភាពវិស័យភស្តុភារ និងឡូជីស្ទិករបស់កម្ពុជា កំពុងបន្តវិវឌ្ឍឆ្ពោះទៅរកភាពប្រសើរឡើង ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងពីវិស័យផលិតកម្ម និងពាណិជ្ជកម្ម។ ការរីកចម្រើននេះ មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពក្នុងការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារអន្តរជាតិ ផងដែរ»។
ប្រទេសកម្ពុជាមានគោលបំណងបង្កើនការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងដំណើរការពង្រីកសមត្ថភាព ត្រូវបានរំពឹងថា បរិមាណទំនិញដឹកជញ្ជូនឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងទទួលបានកុងតឺន័រឆ្លងកាត់អាចឈានដល់ប្រមាណ ១លាន ៥សែន TEUs នៅក្នុងឆ្នាំ២០២៧ និង កើនដល់ ២,៦៤ លាន ធីអ៊ីយូ នៅឆ្នាំ២០៣០៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣