ព័ត៌មាន
កងទ័ពថៃប្រើគ្រឿងចក្រឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ ក្នុងស្រុកអន្លង់វែង
រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាជាថ្មីទៀត ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើតាមសេចក្ដីថ្លែងការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា កម្ពុជាចាត់ទុកសកម្មភាពនេះថា ជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
ឯកឧត្តមបន្តថា សកម្មភាពទាំងរបស់កងទ័ពថ្មីនេះ ក៏រំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ រវាងប្រទេសទាំងពីរស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក និងរំលោភលើសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តវាស់វែងនិងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពទាំងនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកដើម្បីសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងជំហានឆ្ពោះទៅស្តារសន្តិភាព ស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា ការតវ៉ាមានសារសំខាន់មិនអាចខ្វះបានដើម្បីបញ្ជាក់ពីភាពជាម្ចាស់ស្របច្បាប់របស់កម្ពុជានៅលើទីតាំងមួយចំនួនដែលយោធាថៃដណ្តើមកាន់កាប់ដោយខុសច្បាប់អន្តរជាតិនៅតាមបណ្តាយព្រំដែន។ ការតវ៉ាផ្លូវការនេះក៏ជាឯកសារដែលមានតម្លៃគតិយុត្តដើម្បីប្រើប្រាស់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាស្របតាមច្បាប់អន្តរជាតិជាធរមាន។ ការតវ៉ាផ្លូវការក៏មានសារសំខាន់ក្នុងការរក្សាអាជ្ញាយុកាលនៃការទាមទារទឹកដីរហូតទាល់តែមានដំណោះស្រាយជាស្ថាពរមួយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នាពេលអនាគត។
អ្នកនាំពាក្យបន្តថា ការណ៍នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងយោធាថៃ។ ជំហរការពារទឹកដីដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលផ្ទុយស្រឡះពីការចោទប្រកាន់មួលបង្កាច់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលធ្វើនយោបាយបម្រើបរទេសឈ្លានពាន និងដែលកំពុងទទួលការថ្កោលទោសពីប្រជាពលរដ្ឋគ្រប់ទិសទី។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានប្រកាសទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពទាំងនេះ និងគោរពការប្តេជ្ញាចិត្តរបស់ ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្ដិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកម្លាំងនោះឡើយ៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣