Connect with us

ព័ត៌មាន

UPDATED! ប្រធាន ACU បញ្ជាក់ថា ករណីចាប់ខ្លួនមេឃុំព្រែកខ្សាច់ និងបក្ខពួក ដោយសារ​ពួក​គេ​ទទួល​សំណូក​ពីមេអនឡាញស្គេម

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាន​ប្រាប់ BTV នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះថា  តាម​សំណុំរឿង​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយបានជូនទៅអយ្យការ និងចៅក្រមស៊ើបសួររបស់តុលាការរាជធានី , មេឃុំ​ព្រែក​ខ្សាច់ ឈ្មោះ រៀម រុំ ត្រូវបានចោទប្រកាន់ទទួលសំណូកពីមេអនឡាញស្គេម និងចូល​រួម​រៀ​ប​ចំ​ក្រុម​អនឡាញស្គេមនៅលើដីរបស់ខ្លួនផ្ទាល់។ រីឯជនត្រូវជាប់ពីរនាក់ទៀត ជា សុទ្ធ និង ជា វាសនា គឺជាអ្នកបានផ្សំគំនិតជាមួយ រៀម រុំ ក្នុងការប្រព្រឹត្តបទល្មើសដូចខាងលើ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា ៖ នៅពេលដែលសមត្ថកិច្ចខេត្តកោះកុង និងស្រុកគិរីសាគរ បានប្រតិបត្តិការបិទមជ្ឈមណ្ឌល និងអគារអនឡាញស្គេមធំៗបានអស់ទាំងស្រុង , រៀម រុំ និងបក្ខពួក បានត្រងនិងប្រមូលយកក្រុមអនឡាញស្កេមដែលបែកខ្ញែកតូចៗ ឲ្យមករៀបចំបន្តធ្វើការងារអនឡាញស្គេម ជាង ៣០នាក់ នៅលើទីតាំងដីរបស់ខ្លួនផ្ទាល់។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អភិបាលស្រុក បានដឹកនាំកម្លាំងចុះបង្ក្រាបនិងបិទទីតាំងអនឡាញស្គេមនៅលើដីរបស់មេឃុំ រៀម រុំ តែមិនអាចចាប់បានពួកអនឡាញស្គេមណាម្នាក់បានឡើយ ព្រោះរៀម រុំ និងបក្ខពួកបានរៀបចំជម្លៀសចេញអ្នកទាំងនេះឲ្យគេចផុតពីការចាប់របស់សមត្ថកិច្ច ១០០%។ ប្រាក់សំណូកចុងក្រោយរបស់មេអនឡាញស្គេមជនជាតិចិន ក៏បានផ្ដល់ឲ្យ រៀម រុំ នៅថ្ងៃទី២៨ ខែឧសភា ចំនួន ៨០៥០ដុល្លារ ដើម្បីតបស្នង រៀម រុំ ដែលបានការពារពួកអនឡាញស្គែមកុំឲ្យសមត្ថកិច្ចចាប់ខ្លួនបាន។

ទាក់ទងករណីនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ចំពោះសំណុំរឿងដែលបញ្ជូនមកពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអយ្យការបានសម្រេចចោទប្រកាន់ ដូចខាងក្រោម៖

១-ឈ្មោះ រៀម រុំ ភេទប្រុស (ឃាត់ខ្លួន) ពីបទស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

២-ឈ្មោះ ជា វាសនា ភេទប្រុស (ឃាត់ខ្លួន) និងឈ្មោះ ជា សុទ្ធ ហៅម៉េង ភេទប្រុស (កំពុងជាប់ឃុំ) ពីបទសមគំនិតក្នុងអំពើស៊ីសំណូក , សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមគំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

៣-ឈ្មោះ ចាង ចៀនឈាំង (ZHANG JIAN QIANG) ហៅ ឆៃ យ៉ូវយៀន (Cai You Yuan) ហៅត្រង៉ោលភេទប្រុស ជនជាតិចិន និង បក្សពួក (គេចខ្លួន) ពីបទ សូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, រៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៥, មាត្រា ៦ និងមាត្រា ៩នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia