ព័ត៌មាន
សហជីពភាគីច្រើនបង្ហាញជំហរស្នើសុំដំឡើងប្រាក់ឈ្នួលជាង ១០ដុល្លារ ខណៈមួយចំនួនចង់បានជាង ៤០ដុល្លារ
ដំណើរការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូប សម្រាប់ឆ្នាំ២០២៧ បានបន្តឈានដល់កិច្ចប្រជុំលើកទី៣ហើយ ដោយភាគីសហជីពតំណាងកម្មករនិយោជិត នៅតែបន្តរក្សាជំហរ និងបង្ហាញតួលេខស្នើសុំពីរផ្សេងគ្នា។
នៅក្នុងកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ ភាគីសហជីពភាគច្រើន បានរក្សាសំណើដំឡើងចំនួន ១៥,៣ ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលកើនដល់ ២២៥,៣ ដុល្លារ។ ខណៈភាគីសហជីពមួយចំនួនទៀត បានបន្តទាមទារតួលេខខ្ពស់ជាងនេះ គឺដំឡើងរហូតដល់ ៤០,៦ ដុល្លារអាម៉េរិក ដែលធ្វើឱ្យតួលេខសរុបកើនដល់ ២៥០,6 ដុល្លារ។ ដោយឡែក ភាគីតំណាងនិយោជក នៅតែបន្តស្នើរង់ចាំ និងរក្សាតួលេខ ២១០ដុល្លារអាម៉េរិកដដែល។
ជុំវិញការលើកឡើងនូវតួលេខផ្សេងគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា ការទាមទារដំឡើងរហូតដល់ជាង ៤០ដុល្លារនោះ គឺមិនស្ថិតក្នុងបច្ចេកទេសរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលឡើយ។ លោកបានបន្តថា ក្នុងនាមជាតំណាងកម្មករ ពិតជាចង់បានការដំឡើងច្រើនណាស់ ប៉ុន្តែក៏ត្រូវពិនិត្យមើលស្ថានភាពជាក់ស្តែង ដែលកម្ពុជានិងពិភពលោកកំពុងជួបវិបត្តិ ព្រមទាំងបញ្ហាព្រំដែន ដែលបង្កើតឱ្យមានភាពមិនប្រាកដប្រជា ដល់បរិយាកាសវិនិយោគ។ លោកព្រមានថា បើគ្រាន់តែឮការទាមទារខ្ពស់ពេក អ្នកវិនិយោគថ្មីៗអាចនឹងរារែកចិត្ត ហើយសម្លឹងទៅរកប្រទេសដទៃវិញ ព្រោះអ្នកវិនិយោគគិតពីផលចំណេញ។
ស្របពេលជាមួយគ្នានេះដែរ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឱ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំលើកទី៣នេះថា ក្រុមសហជីព នឹងព្យាយាមជួបប្រជុំគ្នាបន្តទៀត ដោយផ្អែកទៅលើច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សា និងកំណត់តួលេខរួមមួយឱ្យបានជាក់លាក់ សម្រាប់ត្រៀមលើកយកទៅជជែក នៅក្នុងអង្គប្រជុំត្រីភាគី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាខាងមុខបន្តទៀត។
កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គ្រប់ភាគីទាំងអស់ រួមមាន៖ភាគីរាជរដ្ឋាភិបាល និយោជក និងតំណាងកម្មករនិយោជិត ត្រូវយោងទៅតាមបទបង្ហាញលក្ខណៈវិនិច្ឆ័យចំនួន២នេះ ទី១.គឺផ្អែកទៅលើកត្តាសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២.ផ្អែកទៅលើកត្តាសេដ្ឋកិច្ច ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ។
សូមបញ្ជាក់ទៀតថា គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ កម្មករនិយោជិត ទទួលបានប្រាក់ខែអប្បបរមាសរុបចំនួន ២២៩.៥ដុល្លារ ដែលក្នុងនោះប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតត្រូវតែទទួលបានចំនួន ១៩,៥ដុល្លារ៕
អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣