ព័ត៌មាន
កម្ពុជាមិនអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកបង្កក និងជ្រូករស់ពីវៀតណាម-ឡាវឡើយ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនមានការអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកបង្កក ឬជ្រូករស់ពីប្រទេសវៀតណាម និងឡាវឡើយ ដោយវិធានការនេះត្រូវបានអនុវត្តតាំងពីមុនពេលមានរបាយការណ៍អំពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅប្រទេសទាំងពីរ។ ក្រសួងអះអាងថា អាជ្ញាធរជំនាញនៅតាមព្រំដែនកំពុងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងចរាចរណ៍សត្វ ដើម្បីទប់ស្កាត់ហានិភ័យនៃការឆ្លងជំងឺ និងការពារសុវត្ថិភាពចំណីអាហារ ព្រមទាំងផលប្រយោជន៍របស់អ្នកចិញ្ចឹមសត្វក្នុងស្រុក។
ឯកឧត្តម ឃីម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បានបញ្ជាក់ថា ក្រសួងកសិកម្ម មិនមានអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកបង្កក ឬជ្រូករស់ពីប្រទេសវៀតណាម និងឡាវឡើយ។ វិធានការនេះ ត្រូវបានអនុវត្តតាំងពីមុនពេលមានរបាយការណ៍នៃការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅប្រទេសទាំងពីរមកម៉្លេះ។ ជានិច្ចកាល អាជ្ញាធរជំនាញតែងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរឹតបន្តឹងចរាចរណ៍សត្វនៅតាមព្រំដែន ដើម្បីទប់ស្កាត់ហានិភ័យនៃការឆ្លងជំងឺសត្វ ដោយអនុលោមតាមគោលការណ៍អនាម័យយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
ឯកឧត្តមបន្ថែមទៀតថា ក្រសួងចាត់ទុកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាជាដៃគូដ៏សំខាន់ និងត្រៀមខ្លួនជានិច្ចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសមាគម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាទប់ស្កាត់ និងរឹតបន្តឹងការត្រួតពិនិត្យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ជាគោលការណ៍ ក្រសួងប្តេជ្ញាការពារសុខុមាលភាពសាធារណៈ សុវត្ថិភាពចំណីអាហារ និងផលប្រយោជន៍កសិករក្នុងស្រុក ទន្ទឹមនឹងការរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោយតម្កល់សុវត្ថិភាពជាចម្បង។
ជុំវិញករណីនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន សមាគមបាននិងកំពុងចុះតាមមូលដ្ឋាន ដើម្បីចែកថ្នាំបង្ការ និង បង្រៀនដល់ប្រជាកសិករឱ្យចេះធ្វើជីវសុវត្ថិភាព ឱ្យបានត្រឹមត្រូវ ដើម្បីការពារកុំឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកដល់ជ្រូកចិញ្ចឹមនៅកម្ពុជា។
នៅប្រទេសឡាវបានដាក់ចេញវិធានការបន្ទាន់ទូទាំងប្រទេស ដោយហាមឃាត់ការដឹកជញ្ជូន និងនាំចូលជ្រូកសាច់ជ្រូក ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ខណៈដែលនៅវៀតណាម អាជ្ញាធរខេត្ត ឡាវ កាយ កាលពីថ្ងៃទី១៤ កញ្ញា បានសម្លាប់ជ្រូក ៧៦ក្បាល ទម្ងន់សរុបជាង ២,៩តោន បន្ទាប់ពីរកឃើញជំងឺនេះ។
សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកគឺជាជំងឺឆ្លងដោយវីរុសដ៏កាចសាហាវបំផុតលើសត្វជ្រូកស្រុក និងជ្រូកព្រៃ ដែលអាចបណ្តាលឱ្យជ្រូកឈឺ និងងាប់រហូតដល់ ១០០%។ ជំងឺនេះមិនឆ្លង និងមិនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះឡើយ។ ប៉ុន្តែវាបណ្តាលឱ្យជ្រូកឈឺងាប់ដែលបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងការចិញ្ចឹមជ្រូក៕
អត្ថបទ៖ ធូ វិរៈ










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣