Connect with us

ព័ត៌មាន

កម្ពុជាប្រកាសចាប់ផ្តើមអនុវត្តគំនិតផ្តួចផ្តើមកាត់បន្ថយសំណល់អេឡិចត្រូនិក ដោយមានការគាំទ្រពីយូអិនឌីភី និងមូលនិធិបរិស្ថានពិភពលោក

ភ្នំពេញ​ ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) សហការជាមួយ​​ក្រសួងបរិស្ថានកាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសចាប់ផ្តើមអនុវត្តគម្រោងមួយ ដើម្បីពង្រឹងការគ្រប់គ្រងសំណល់អេឡិចត្រូនិក និងជំរុញសេដ្ឋកិច្ចចក្រានៅ​កម្ពុជា ដោយមានការគាំទ្រហិរញ្ញប្បទានឥតសំណងចំនួន ៤ លានដុល្លារអាម៉េរិក ពីមូលនិធិបរិស្ថានពិភពលោក (GEF)។

អនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១ គម្រោងនៅកម្ពុជានេះ ជាផ្នែកមួយ​នៃ “កម្មវិធី​គ្រប់គ្រងគ្រឿងអេឡិចត្រូនិកជាសកល (GEM)” ដែលជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសជាច្រើន ដើម្បីកាត់​បន្ថយ​ការបំពុល និងកែលម្អការប្រើប្រាស់ធនធាន នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់តម្លៃគ្រឿងអេឡិចត្រូនិក។ នៅកម្ពុជា គេ​រំពឹង​ថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនជាង ២០០.០០០ នាក់ តាមរយៈលក្ខខណ្ឌ​ការងារ​ដែល​កាន់តែមានសុវត្ថិភាព និងការកាត់បន្ថយការប៉ះពាល់នឹងសំណល់គ្រោះថ្នាក់។

គំនិតផ្តួចផ្តើមនេះក៏ទទួលបានការគាំទ្រ តាមរយៈសហហិរញ្ញប្បទានប្រមាណ ២៦ លានដុល្លារអាម៉េរិក ពីរាជរដ្ឋា​-ភិបាល​កម្ពុជា និងដៃគូវិស័យឯកជនផងដែរ។ គេរំពឹងថា គម្រោងនេះនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជាង ២៧.០០០ តោន ធានាការគ្រប់គ្រងនិងការបោះចោលសារធាតុគ្រោះថ្នាក់ដោយសុវត្ថិភាព ដូចជា សារធាតុបំពុល​សរីរាង្គ​ដែល​មិនងាយបំបែកធាតុ និងបារត ជាដើម ព្រមទាំងទប់ស្កាត់មិនឱ្យសារធាតុពុលជាង ២០.០០០ តោន ចូលទៅក្នុង​បរិស្ថាន។

លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងយូអិនឌីភីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ទំហំ និង​ល្បឿន​នៃបម្រែបម្រួលការប្រើប្រាស់គ្រឿងអេឡិចត្រូនិកនៅកម្ពុជា ពិតជាគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២៤ កម្ពុជាមាន​ឧបករណ៍​អេឡិចត្រូនិកកំពុងប្រើប្រាស់ប្រមាណ ២៤ លានគ្រឿង ដូច្នេះប្រព័ន្ធសម្រាប់គ្រប់គ្រងឧបករណ៍គ្រឿង អេឡិចត្រូនិកនៅពេលផុតអាយុកាលប្រើប្រាស់ ក៏ចាំបាច់ត្រូវអភិវឌ្ឍឱ្យទាន់សម័យ និងស្របតាមការកើនឡើងនេះ     ផងដែរ។ យើងត្រូវការពង្រឹងសមត្ថភាព និងវិធានការការពារដើម្បីកុំឱ្យសហគមន៍ និងកម្មករនិយោជិតប្រឈមនឹងការអនុវត្តដែលបង្កគ្រោះថ្នាក់ និងសារធាតុពុល។ គំនិតផ្តួចផ្តើមនេះគាំទ្រការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​​ដែលកាន់តែមានសុវត្ថិភាព និងងាយអនុវត្ត ដើម្បីការពារសុខភាពសាធារណៈ និងពង្រឹងមូលដ្ឋានគ្រឹះសម្រា​ប់​សេដ្ឋកិច្ច​ដែលកាន់តែមានចីរភាព និងភាពធន់»។

លោកស្រី Xiaofang Zhou ប្រធានផ្នែកប្រព័ន្ធត្រជាក់ សេដ្ឋកិច្ចចក្រា និងការបង្ការការបំពុលនៅយូអិនឌីភី មាន​ប្រសាសន៍​ថា៖ «សំណល់អេឡិចត្រូនិកមានផ្ទុកវត្ថុធាតុដែលមានតម្លៃ ប៉ុន្តែក៏មានសារធាតុគ្រោះថ្នាក់ផងដែរ ដែលធ្វើឱ្យ​ការ​ទាញយកវត្ថុធាតុទាំងនោះមកប្រើប្រាស់ឡើងវិញដោយសុវត្ថិភាព មានភាពស្មុគស្មាញ។ បញ្ហាប្រឈមគឺការទាញយក​វត្ថុ​ធាតុទាំងនោះមកប្រើប្រាស់ឡើងវិញ ដោយមិនបង្កហានិភ័យដល់បរិស្ថាន និងសុខភាព។ ផលិតផលជាច្រើន​ក៏មិនត្រូវ​បាន​រចនាឡើងដោយគិតគូរដល់ការទាញយកវត្ថុធាតុមកប្រើប្រាស់ឡើងវិញដែរ ដែលធ្វើឱ្យការបំបែកវត្ថុធាតុមាន​ការ​លំបាក។ ដើម្បីដោះស្រាយបញ្ហានេះ ចាំបាច់ត្រូវមានប្រព័ន្ធប្រមូល រុះរើ និងប្រព្រឹត្តកម្មដែលរឹងមាំជាងមុន ដើម្បីអាច​ទាញ​យក​វត្ថុធាតុ​មក​ប្រើប្រាស់ឡើងវិញប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពកាន់តែខ្ពស់ ជំនួសឱ្យការបាត់បង់​វត្ថុធាតុ​ទាំង​នោះ ឬការចាត់ចែងក្នុងលក្ខខណ្ឌគ្មានសុវត្ថិភាព»។

ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «ក្រសួងបរិស្ថានប្តេជ្ញាចិត្តក្នុងការប្រែក្លាយប្រព័ន្ធគ្រប់គ្រងសំណល់ពីគំរូប្រើប្រាស់រួចបោះចោល (បែបលីនេអ៊ែរ-Linear) ទៅជាគំរូសេដ្ឋកិច្ចចក្រាដែលផ្តល់តម្លៃលើធនធាន កាត់បន្ថយសំណល់ និងការពារសុខមាលភាពប្រជាជន និងគុណភាពបរិស្ថាន។ តាមរយៈក្រម    បរិស្ថាននិងធនធានធម្មជាតិ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ជាពិសេសមុំ «ភាពស្អាត» ក្រសួងបរិស្ថាន កំពុងបន្តពង្រឹងគោលនយោបាយ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តិ លើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកផលិតនិងអ្នកនាំចូល លើកទឹកចិត្តឱ្យមាននវានុវត្តន៍ក្នុងការកែច្នៃសំណល់ ការស្តារនិងប្រើប្រាស់ធនធានឡើងវិញ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈតាមរយៈការរៀបចំយុទ្ធនាការ និងព្រឹត្តិការណ៍សង្គមនានា»។

Claude Gascon ប្រធាននាយកប្រតិបត្តិ និងជាប្រធានស្តីទីនៃមូលនិធិ GEF មានប្រសាសន៍ថា «តាមរយៈកម្មវិធី GEM មូលនិធិ GEF កំពុងគាំទ្របណ្តាប្រទេស ក្នុងការដោះស្រាយប្រភពបំពុល មួយក្នុងចំណោម ប្រភពបំពុលនានា​ដែល​កំពុង​កើនឡើងលឿនបំផុត។ នៅពេលការប្រើប្រាស់គ្រឿងអេឡិចត្រូនិកបន្តកើនឡើង ផលប៉ះពាល់របស់វាទៅលើបរិស្ថាន​នឹង​កាន់តែពិបាកគ្រប់គ្រង ប្រសិនបើគ្មានប្រព័ន្ធដែលមានប្រសិទ្ធភាព។ ការដោះស្រាយបញ្ហាសំណល់អេឡិចត្រូនិកក៏​តម្រូវ​ឱ្យ​មានការផ្លាស់ប្តូររបៀបប្រតិបត្តិការរបស់ទីផ្សារព្រម ទាំងគោលនយោបាយ និងស្តង់ដារដែលកាន់តែច្បាស់លាស់ ដើម្បី​គាំទ្រការអនុវត្តដែលមានសុវត្ថិភាព និងចីរភាពជាងមុន។ គំនិតផ្តួចផ្តើមនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះ​ទៅរកការ​កសាងមូលដ្ឋានគ្រឹះនោះនៅកម្ពុជា»។

គម្រោងនេះនឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគោលនយោបាយ ការអនុវត្តច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គ្រប់គ្រងគ្រឿងអេឡិចត្រូនិកពេញមួយវដ្តជីវិតរបស់វា ចាប់ពីការនាំចូល និងការប្រើប្រាស់ រហូតដល់ការជួសជុល ការកែច្នៃឡើងវិញ និងការបោះចោលចុងក្រោយ។ គម្រោងនេះក៏នឹងគាំទ្រដល់ការរៀបចំស្តង់ដារកាន់តែច្បាស់លាស់ សម្រាប់​​​ការចាត់ចែងវត្ថុធាតុគ្រោះថ្នាក់ និងរៀបចំប្រព័ន្ធជាតិកាន់តែប្រសើរ សម្រាប់តាមដាន និងគ្រប់គ្រងសំណល់​អេឡិចត្រូនិកផងដែរ។

គំនិតផ្តួចផ្តើមនេះនឹងបង្កើតប្រព័ន្ធប្រមូលសំណល់អេឡិចត្រូនិកដែលមានរចនាសម្ព័ន្ធច្បាស់លាស់ សាកល្បង​បង្កើត​ទីតាំង​ប្រមូលនៅតាមសាលារៀន និងសហគមន៍ ព្រមទាំងពង្រីកសេវាជួសជុល និងប្រើប្រាស់ឡើងវិញ ដើម្បីពន្យារ​អាយុកាល​ប្រើប្រាស់របស់ផលិតផលអេឡិចត្រូនិក។ គំនិតផ្តួចផ្តើមនេះក៏នឹងគាំទ្រអាជីវកម្មឱ្យរៀបចំ​សកម្មភាពកែច្នៃ​ឡើង​វិញ និងជួសជុលកែលម្អផលិតផលចាស់ឡើងវិញ ដើម្បីជួយកសាងទីផ្សារដែលកាន់តែអាចដំណើរការបាន​ប្រកបដោយ​និរន្តរភាព សម្រាប់ការអនុវត្តតាមគោលការណ៍សេដ្ឋកិច្ចចក្រា។

កិច្ចខិតខំប្រឹងប្រែងនេះក៏នឹងផ្តោតលើការធ្វើឱ្យប្រសើរនូវលក្ខខណ្ឌសម្រាប់អ្នកប្រកបរបរក្រៅប្រព័ន្ធ ដែលដើរ​តួនាទី​ស្នូល​ក្នុងការប្រមូលសំណល់អេឡិចត្រូនិក តាមរយៈការបណ្តុះបណ្តាល ការអនុវត្តកាន់តែមានសុវត្ថិភាព និងការ​គាំទ្រ​បញ្ចូលពួកគេទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបី ដែលយូអិនឌីភី ដឹកនាំការអនុវត្តកម្មវិធី GEM រួមជាមួយ​ប្រទេស​វៀតណាម និងកូឡុំប៊ី។ កម្មវិធី GEM ដែលដឹកនាំដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) គាំទ្រប្រទេសចំនួន ១៦ នៅទូទាំងពិភពលោក ក្នុងការកាត់បន្ថយសំណល់អេឡិចត្រូនិក។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia