ព័ត៌មាន
មុខជំនាញចំនួន៩ នៅវិទ្យាស្ថាន PIKP ដែលមានការគាំទ្រ និងប្រជាប្រិយខ្លាំងពីសំណាក់យុវជននៅក្នុងខេត្តកំពង់ចាម
(កំពង់ចាម)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជំនាញបច្ចេកទេស និងវិជ្ជាជិវៈច្រើន ដែលកំពុងបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដោយក្នុងនោះមានមុខជំនាញចំនួន៩ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋទូទៅ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តកំពង់ចាម។
លោក ហាវ ធិន នាយកនៃវិទ្យាស្ថាន PIKP បានឱ្យដឹងថា មុខជំនាញដែលមានភាពលេចធ្លោជាងគេរួមមាន ជំនាញវិស្វកម្មអគ្គិសនី, វិស្វកម្មព័ត៌មានវិទ្យា, ការងារកំបោរ, ការងារការ៉ូ, ការធ្វើម្ហូបខ្មែរ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, និងការថែទាំ និងជួសជុលរថយន្ត។
លោកបញ្ជាក់ថា៖«អនាគតដ៏ល្អ មិនមែនកើតចេញមកពីការរង់ចាំឱកាសនោះទេ ប៉ុន្តែកើតចេញមកពីការត្រៀមខ្លួនឱ្យមានសមត្ថភាពសម្រាប់ឱកាស។ ការសិក្សាត្រូវភ្ជាប់ជាមួយតម្រូវការពិតប្រាកដរបស់ទីផ្សារការងារ និងវិស័យឯកជន ដើម្បីរួមគ្នាបណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញស្របតាមតម្រូវការទីផ្សារការងារ»។
នៅក្នុងនោះ វិទ្យាស្ថានក៏បានបង្ហាញពីទស្សនៈក្នុងការជំរុញសិស្សនិស្សិតរបស់ខ្លួនឱ្យឆាប់ទទួលបានឱកាសហាត់ការ និងឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា តាមរយៈយន្តការសំខាន់ៗជាច្រើន ដោយវិទ្យាស្ថានខិតខំពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជននានា ដើម្បីបង្កើតឱកាសកម្មសិក្សា និងហាត់ការ ព្រមទាំងឱកាសការងារសម្រាប់សិស្សនិស្សិត ហើយវិទ្យាស្ថានបានផ្តោតលើការពង្រឹងសមត្ថភាពសិស្សនិស្សិត តាមរយៈការអនុវត្តជាក់ស្តែងជាមួយគ្រឿងឧបករណ៍ និងបរិក្ខារបច្ចេកទេស ដើម្បីឱ្យពួកគេទទួលបានជំនាញ និងបទពិសោធន៍ដែលស្របតាមតម្រូវការទីផ្សារការងារ។
លោកនាយកបានបញ្ជាក់ថា៖«ការសិក្សាត្រូវភ្ជាប់ជាមួយតម្រូវការពិតប្រាកដរបស់ទីផ្សារការងារ និងវិស័យឯកជន ដើម្បីរួមគ្នាបណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញស្របតាមតម្រូវការទីផ្សារការងារ។ យើងផ្ដល់ឱកាសឱ្យសិស្សចុះកម្មសិក្សា និងអ្នកហាត់ការអាចចូលទៅសិក្សា និងអនុវត្តជំនាញនៅក្នុងបរិយាកាសការងារពិតប្រាកដ» ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់សិស្សានុសិស្សដែលកំពុងស្វែងរកជំនាញសម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ សូមធ្វើការជ្រើសរើសដោយមានការពិចារណាឱ្យបានច្បាស់លាស់ មិនគួរជ្រើសរើសតាមចំណង់ចំណូលចិត្តតែមួយមុខ ឬតាមគ្នានោះទេ។ សិស្សានុសិស្សគួរស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់ មុននឹងសម្រេចចិត្ត ដោយផ្អែកលើសមត្ថភាព លទ្ធភាព និងជំនាញដែលអាចជួយបើកផ្លូវទៅរកអនាគត និងឱកាសការងារល្អប្រសើរ៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣