ព័ត៌មាន
អភិបាលខេត្តកំពត៖ ប្រធានមន្ទីរល្អ ត្រូវចេះទាំងការងារដឹកនាំ និងការងារគ្រប់គ្រង
កំពត៖ អភិបាលខេត្តកំពត បានណែនាំប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តថ្មី ឱ្យប្រើចំណេះដឹង ជំនាញ និងបំណិន ទាំងការដឹកនាំ និងការគ្រប់គ្រងមន្ត្រី ព្រមទាំងចេះបែងចែកភារកិច្ច និងថែរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការដឹកនាំស្ថាប័នឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។
មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក អាន ម៉ារ៉ាដា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតថ្មី ដែលរៀបចំនៅសាលប្រជុំខេត្តកំពត នាចុងសប្តាហ៍នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តល់អនុសាសន៍ឱ្យប្រធានមន្ទីរថ្មី ពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងបុគ្គលិក ការងារ និងស្ថាប័នឱ្យបានល្អ ស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានសង្កត់ធ្ងន់ថា ការដឹកនាំស្ថាប័នឱ្យមានប្រសិទ្ធភាព មិនអាស្រ័យតែលើចំណេះដឹង និងជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែប្រធានមន្ទីរត្រូវមានបំណិនក្នុងការគ្រប់គ្រងមន្ត្រី ចេះរៀបចំ និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ព្រមទាំងសម្របសម្រួលការងាររវាងអង្គភាព និងមន្ត្រីក្រោមឱវាទ ដើម្បីធានាឱ្យការអនុវត្តការងារមានភាពរលូន និងមានការទទួលខុសត្រូវ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យប្រធានមន្ទីរថ្មី យកចិត្តទុកដាក់លើការថែរក្សាសាមគ្គីភាពផ្ទៃក្នុង បង្កើតបរិយាកាសការងារល្អ និងលើកកម្ពស់កិច្ចសហការរវាងមន្ត្រីគ្រប់លំដាប់ថ្នាក់។ ការដឹកនាំប្រកបដោយការយោគយល់ ការសហការ និងការទទួលខុសត្រូវរួម គឺជាកត្តាសំខាន់ក្នុងការពង្រឹងស្ថាប័ន និងជំរុញការបំពេញភារកិច្ចឱ្យសម្រេចបានតាមគោលដៅ។
ដោយឡែក លោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីតួនាទីសំខាន់របស់ស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគាំទ្រការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តការងារតាមវិស័យជំនាញ។
លោកជំទាវបានណែនាំឱ្យប្រធានមន្ទីរថ្មី បន្តពង្រឹងការងាររបស់អង្គភាព និងយកចិត្តទុកដាក់បណ្តុះបណ្តាល ព្រមទាំងអភិវឌ្ឍសមត្ថភាពចំណេះដឹង និងជំនាញរបស់មន្ត្រីជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទីរបស់មន្ទីរ។
ការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងក្រសួងនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ការគ្រប់គ្រងមន្ត្រី និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ក្នុងការពង្រឹងស្ថាប័ន និងធានាការបំពេញភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតឱ្យកាន់តែមានប្រសិទ្ធភាព៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣