ព័ត៌មាន
ក្រសួងការងារ ជំរុញការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងការប្រកួតប្រជែង និងការងារសមរម្យ
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពី “ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៖ ការលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) សម្រាប់អន្តរកាលដោយរលូននិងការងារសមរម្យ” នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីរាជរដ្ឋាភិបាល និយោជក សហគ្រាស អង្គការ ILO និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងការងារសមរម្យ ខណៈកម្ពុជាត្រៀមចាកចេញពីចំណាត់ថ្នាក់ LDC។
ថ្លែងក្នុងពិធីនេះ លោកជំទាវបានបញ្ជាក់ថា កម្ពុជាគ្រោងចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅខែធ្នូ ឆ្នាំ២០២៩ ដែលជាសមិទ្ធផលដ៏សំខាន់នៃការអភិវឌ្ឍ។ ទន្ទឹមនឹងមោទនភាពនេះ កម្ពុជាក៏ត្រូវត្រៀមខ្លួនសម្រាប់ការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងតម្រូវការកាន់តែខ្ពស់របស់ទីផ្សារអន្តរជាតិ។ ដូច្នេះ បញ្ហាប្រឈមនៃអន្តរកាលនេះត្រូវប្រែក្លាយទៅជាកាលានុវត្តភាពសម្រាប់ការពង្រឹងភាពធន់និងភាពប្រកួតប្រជែងរបស់សហគ្រាស និងការបង្កើតការងារសមរម្យ។
លោកជំទាវបានគូសបញ្ជាក់ថា ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ មិនគួរត្រូវបានចាត់ទុកត្រឹមជាកាតព្វកិច្ចអនុលោមតាមច្បាប់ ឬជាបន្ទុកចំណាយរបស់សហគ្រាសនោះទេ ប៉ុន្តែជាកត្តាយុទ្ធសាស្ត្រសម្រាប់បង្កើនផលិតភាព បង្កើនទំនុកចិត្តរបស់វិនិយោគិន អ្នកបញ្ជាទិញ និងរក្សាស្ថិរភាពការងារ។ នៅពេលចំណុចនេះអនុវត្តបានប្រកបដោយប្រសិទ្ធភាព អនុលោមភាពតាមច្បាប់នឹងក្លាយជាឧត្តមភាពនៃភាពប្រកួតប្រជែង ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគនិងប្រភពផ្គត់ផ្គង់។
បទពិសោធជាងពីរទសវត្សរ៍របស់កម្ពុជាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប បានបង្ហាញថា ការអនុលោមតាមច្បាប់ការងារអាចគាំទ្រនិងលើកកម្ពស់ពាណិជ្ជកម្ម បង្កើនទំនុកចិត្តពីអ្នកបញ្ជាទិញអន្តរជាតិ និងរួមចំណែកដល់ការលើកកម្ពស់ការងារសមរម្យ។ ដើម្បីពង្រីកជោគជ័យនេះ សហគ្រាសធុនតូចនិងមធ្យមត្រូវការការគាំទ្រផ្នែកបច្ចេកទេស ការបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងលទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីធ្វើទំនើបកម្មនិងចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់តម្លៃអន្តរជាតិ។
លោកជំទាវបានសង្កត់ធ្ងន់ថា ភាពប្រកួតប្រជែងរបស់កម្ពុជាត្រូវកសាងឡើងលើមូលដ្ឋាននៃផលិតភាព តម្លៃបន្ថែម និងការងារសមរម្យ។ ការលើកកម្ពស់សិទ្ធិរបស់កម្មករនិយោជិត ជាមូលដ្ឋានចាំបាច់សម្រាប់ការកសាងសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព ទំនុកចិត្តពីវិនិយោគិន និងអ្នកបញ្ជាទិញអន្តរជាតិ។
ក្នុងឱកាសនោះ ឧកញ៉ា ស គីណាល់ អនុប្រធានសហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ កិច្ចសហការរវាងរាជរដ្ឋាភិបាល និយោជក និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង ចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗ។
ជាមួយគ្នានេះ លោកស្រី Helen Kirsch តំណាងអង្គការអន្តរជាតិខាងការងារ (ILO) បានសង្កត់ធ្ងន់លើការលើកកម្ពស់សិទ្ធិរបស់កម្មករនិយោជិត កិច្ចគាំពារសង្គម ជំនាញ និងការធ្វើអាជីវកម្មដោយការទទួលខុសត្រូវ ដើម្បីកម្ពុជាបន្តដំណើរលើមាគ៌ាឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់៕




















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣