Connect with us

ព័ត៌មាន

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ផ្នែកវិទ្យាសាស្ត្រស្តីពី “ការជំរុញការស្រាវជ្រាវលើជំងឺឆ្លងនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងលិច”

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងស្ថាប័ន ANRS MIE នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ផ្នែកវិទ្យាសាស្ត្រស្តីពី “ការជំរុញការស្រាវជ្រាវលើជំងឺឆ្លងនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងលិច” ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវមកពីប្រទេសកម្ពុជា វៀតណាម ឡាវ កូតឌីវ័រ និងប្រទេសបារាំង។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានលើកឡើងថា៖ វត្តមានរបស់សាស្រ្តាចារ្យ មកពីបណ្តាប្រទេសនានានៅទីនេះ បានបង្ហាញឱ្យឃើញពីសារៈសំខាន់ដែលយើងទាំងអស់គ្នា ផ្តល់ជូនដល់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រអន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ជំងឺឆ្លងមិនប្រកាន់ព្រំដែនប្រទេសឡើយ។ បញ្ហាប្រឈមជាច្រើនដែលយើងជួបប្រទះទាក់ទងនឹងជំងឺរបេង និងមេរោគអេដស៍ គឺជាបញ្ហាដែលប្រទេសនានាជួបប្រទះដូចៗគ្នា ទោះបីជាស្ថានភាពរាតត្បាតនៃជំងឺ ប្រព័ន្ធសុខាភិបាល និងធនធានដែលមានអាចមានភាពខុសគ្នាក៏ដោយ។ គ្មានស្ថាប័នតែមួយ ឬប្រទេសតែមួយណាអាចដោះស្រាយសំណួរទាំងអស់នេះដោយខ្លួនឯងបានឡើយ។ កិច្ចសហប្រតិបត្តិការនេះអនុញ្ញាតឱ្យយើងប្រមូលផ្តុំក្រុមមនុស្សដែលមានភាពចម្រុះគ្នា ចំណេះដឹងជំនាញ សមត្ថភាពស្រាវជ្រាវ និងបទពិសោធន៍នៃប្រព័ន្ធសុខាភិបាល។ សំខាន់ជាងនេះទៅទៀត នៅពេលដែលការស្រាវជ្រាវត្រូវបានបង្កើតឡើងរួមគ្នាដោយអ្នកស្រាវជ្រាវមកពីប្រទេសដែលនឹងត្រូវយកលទ្ធផលស្រាវជ្រាវនោះទៅអនុវត្តជាក់ស្តែង វាមានឱកាសខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងអាចប្រែក្លាយទៅជាគោលនយោបាយ និងការអនុវត្តជាក់ស្តែង។

ឯកឧត្តមសាស្ត្រចារ្យ សាផុន វឌ្ឍនៈ ជឿជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះមិនមែនគ្រាន់តែជាការបង្កើតគម្រោងស្រាវជ្រាវប៉ុណ្ណោះទេ។ វាគឺជាការកសាងសហគមន៍មួយដែលប្រមូលផ្តុំដោយអ្នកស្រាវជ្រាវ និងស្ថាប័ននានា ដែលអាចធ្វើការរួមគ្នាបានក្នុងរយៈពេលវែង។

នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានបញ្ជាក់ថា៖ កិច្ចប្រជុំនៅថ្ងៃនេះមិនមែនគ្រាន់តែជាសន្និសីទធម្មតានោះទេ ប៉ុន្តែជាកិច្ចប្រជុំការងារ និងការពិគ្រោះយោបល់ ដើម្បីកំណត់អាទិភាពនៃការស្រាវជ្រាវរួមគ្នា ដោះស្រាយគម្លាតនៃចំណេះដឹង បង្កើតគំនិតសម្រាប់ការស្រាវជ្រាវរួមគ្នា និងដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រប្រកបដោយនិរន្តរភាព។ តាមរយៈដំណើរការនេះ យើងអាចជំរុញគំនិតស្រាវជ្រាវដែលអាចនឹងត្រូវបានអភិវឌ្ឍបន្ថែមទៀតសម្រាប់ការអំពាវនាវដាក់សំណើគម្រោងរបស់ ANRS MIE នៅពេលអនាគត និងឱកាសទទួលបានមូលនិធិអន្តរជាតិផ្សេងទៀត។ ទោះបីជាប្រទេសរបស់យើងមានបរិបទផ្សេងៗគ្នាទាក់ទងនឹងស្ថានភាពរាតត្បាតនៃជំងឺ និងប្រព័ន្ធសុខាភិបាលក៏ដោយ ក៏យើងមានបញ្ហាប្រឈមរួមគ្នាជាច្រើនក្នុងការគ្រប់គ្រងជំងឺរបេង និងមេរោគអេដស៍ រួមទាំងកង្វះខាតធនធាន ការផ្តល់សេវាបែបវិមជ្ឈការ និងតម្រូវការក្នុងការវាយតម្លៃលើវិធីសាស្ត្រអន្តរាគមន៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត នៅក្នុងលក្ខខណ្ឌនៃការអនុវត្តកម្មវិធីជាប្រចាំ។ភាពខុសគ្នានេះមិនគួរត្រូវបានចាត់ទុកថាជាឧបសគ្គនោះទេ។ ផ្ទុយទៅវិញ វាគឺជាធនធានដ៏មានតម្លៃដែលអាចជួយពង្រីកការយល់ដឹងរួមរបស់យើង និងពង្រឹងភាពចាំបាច់ និងភាពជាក់ស្តែងនៃការស្រាវជ្រាវរបស់យើង។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ សូមលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យផ្តោតលើសំណួរស្រាវជ្រាវដែលមានសារៈសំខាន់ផ្នែកវិទ្យាសាស្ត្រ មានភាពស៊ីសង្វាក់គ្នាជាមួយអាទិភាពថ្នាក់ជាតិ និងតំបន់របស់យើង មានលទ្ធភាពអាចអនុវត្តបាននៅក្នុងបរិបទផ្សេងៗគ្នា និងមានសមត្ថភាពបង្កើតឱ្យមានផលប៉ះពាល់ជាវិជ្ជមាន និងមានអត្ថន័យ។ ព្រោះថាគោលដៅរបស់យើងមិនគួរគ្រាន់តែជាការបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតភស្តុតាងដែលអាចជួយតម្រង់ទិសគោលនយោបាយ ពង្រឹងកម្មវិធី និងកែលម្អលទ្ធផលសុខភាពផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia