Connect with us

ព័ត៌មាន

ក្រសួងព័ត៌មាន ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៣៩ស្ថាប័ន ចុះ ទៅ​ផលិត​ព័ត៌មាន​នៅ​អតីត​ទីតាំង​ Online scams ស្ថិតនៅខេត្តព្រៃវែង

ក្រសួងព័ត៌មាន សហការជាមួយគណៈកម្មការចំពោះកិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​​វិទ្យា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុប​ចំនួន​៣៩​ស្ថាប័ន ចុះផលិតព័ត៌មាន នៅអតីតទីតាំង online scams មានឈ្មោះថា មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មម៉ឺនជ័យ ឬ ៨ park ស្ថិតនៅតំបន់ច្រកទ្វាអន្តរជាតិម៉ឺនជ័យក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

អតីតទីតាំង online scams ត្រូវបានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង បានចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​នៅដើមខែកុម្ភៈ និងបានបង្ក្រាបរួចរាល់នៅពាក់កណ្តាលខែកុម្ភៈ។ បន្ទាប់មក នៅថ្ងៃទី៣ ខែ​មេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបអង្កេតបានចុះអនុវត្តដីការឆែកឆេរ និងបាន​បិទ​ឃុំ​​ទីតាំង​ទាំង​ស្រុង​។

ទីតាំង8 park ត្រូវសាងសង់នៅឆ្នាំ២០២៣ ហើយនៅ២០២៤ មានវត្តមានជន​បរទេស​ចូល​មក​បម្រើ​ការងារ ដែលមានប្រមាណ ៧ពាន់នាក់ នៅឆ្នាំ២០២៥ កើនឡើងជិត ២ម៉ឺននាក់ ក្នុង​នោះ​មាន​ជន​ជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់ជាដើម។

នៅ​ខែ​តុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតលើបុគ្គល ចេន ហ្សី រហូតដក​សញ្ជាតិ​បុគ្គល ​ចេន ហ្សី បញ្ជូនទៅកាន់ប្រទេសចិនវិញ។ បន្ទាប់មកនៅទីតាំង 8 park មានជន​បរទេស​ចាក​ចេញ​ជា​បន្តបន្ទាប់ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ត្រូវបានរកឃើញ​ថា​ទីតាំង​នេះ​ជា​របស់ក្រុមហ៊ុន ព្រីន គ្រុប។

ចំពោះអ្នកអភិវឌ្ឍទីតាំង8 park មានបុគ្គល៣រូបគប់គិតគ្នា ដែលក្នុង​នោះ​រួម​មាន៖​ ជន​ជាតិ​ចិន​ចំនួន​ពីរ​រូបជាម្ចាស់កម្មសិទ្ឋិករ កំពុងរត់គេចខ្លួន និងត្រូវបានសមត្ដកិច្ចកម្ពុជា សហការ​ជាមួយ​សមត្ថ​កិច្ចអន្តរជាតិ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ និងម្នាក់ទៀតជាជនជាតិខ្មែរ ឈ្មោះ​ អៀង សុខលីមជាអ្នកឈរឈ្មោះ ដែលបច្ចុប្បន្ន​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​រាជធានី ភ្នំពេញ (PJ) ។

គួរបញ្ជាក់ដែរថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមាន​សមត្ថ​កិច្ច​កម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបាន​ចុះ​បង្ក្រាប​ជាក់​ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង online scams ទ្រង់​ទ្រាយធំបានជាង៨០កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia