ព័ត៌មាន
កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដើម្បីពង្រឹងការផ្សព្វផ្សាយ និងសាធារណៈមតិ
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងព័ត៌មាន បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី–ខេត្ត» ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន ការជួយសម្រួលដល់ការទទួលបានព័ត៌មានពិត និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែទូលំទូលាយ ឆាប់រហ័ស និងមានតម្លាភាព។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីនេះ បានមានប្រសាសន៍ឱ្យដឹងថា ការដាក់ឱ្យដំណើរការគេហទំព័ររួមរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ នៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការឆ្លើយតបនឹងតម្រូវការថ្មីនេះ។ តាមរយៈការបង្កើត «អត្តសញ្ញាណឌីជីថលរួម» ក្រោមដែនជាតិ «.info.gov.kh» កំពុងបង្កើតភាពងាយស្រួលក្នុងការស្គាល់ និងស្វែងរកប្រភពព័ត៌មានផ្លូវការរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត។ អត្តសញ្ញាណរួមនេះ គឺជាចំណុចសំខាន់មួយសម្រាប់ការកសាងទំនុកចិត្ត។

ឯកឧត្តមរដ្ឋមន្រ្តីព័ត៌មាន បានគូសបញ្ជាក់ថា ការសម្ពោធគេហទំព័រទាំង២៥ នេះដែរ ក៏មិនមែនជាចំណុចបញ្ចប់ទេ គឺជាចំណុចចាប់ផ្តើមនៃដំណើរថ្មីមួយ។ ក្រសួងព័ត៌មាន នឹងបន្តពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើជំនាញសារព័ត៌មានឌីជីថល ការផលិតមាតិកាពហុប្រព័ន្ធ ការគ្រប់គ្រងថ្នាលឌីជីថល និងជំនាញថ្មីៗដែលចាំបាច់សម្រាប់សម័យបច្ចេកវិទ្យា។ ហើយក៏នឹងបន្តសិក្សា និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យស្របតាមតម្រូវការការងារ និងមានការទទួលខុសត្រូវ ដើម្បីជួយបង្កើនប្រសិទ្ធភាពក្នុងការផលិត និងគ្រប់គ្រងមាតិកាផងដែរ។

នៅក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានវាយតម្លៃខ្ពស់ និងចាត់ទុកការងារនេះថា គឺជាការលើកកម្ពស់ និងការយល់ដឹងក្នុងការទទួលបានព័ត៌មានគ្រប់វិស័យទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍បន្តថា នៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំការងារមួយចំនួន ដើម្បីសម្រាប់ក្រសួងផង ហើយនិងសម្រាប់ចូលរួមនៅក្នុងកិច្ចសហការជាមួយក្រសួង ស្ថាប័នដទៃទៀតផង។ ជាពិសេសកិច្ចការមួយចំនួដែលពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួងបានរៀបចំគោលនយោបាយ និងច្បាប់ជាច្រើន ដើម្បីជំរុញការងារផ្សព្វផ្សាយខាងផ្នែកព័ត៌មានកាន់តែមានប្រសិទ្ធិភាព និងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងស្វែងរកព័ត៌មានដែលត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ជាដើម ដែលគិតមកដល់បច្ចុប្បន្ន ក្រសួងប្រៃសណីយ បានដំឡើង និងពង្រីកបង្គោលអង់តែនសរុបចំនួនជិត ២ម៉ឺនបង្គោល ក្នុងនោះចំនួនជាង ៣ពាន់ ជាបង្គោលអង់តែនប្រភេទ 4G និង5G។
នៅក្នុងកម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី–ខេត្ត» នេះដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានរៀបចំផ្តល់កុំព្យូទ័រចំនួន ៥០គ្រឿង ជូនដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ដើម្បីជំរុញការធ្វើទំនើបកម្ម និងការលើកកម្ពស់វិស័យព័ត៌មានរបស់កម្ពុជាកាន់តែមានប្រសិទ្ធិភាពខ្ពស់ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣