Connect with us

ព័ត៌មាន

UN កោតសរសើរកម្ពុជា បានចូលរួម​ក្នុង​បេសកកម្ម​រក្សាសន្តិភាព​អង្គការ​សហប្រជា​ជាតិ​រយៈ​ពេល ២០ឆ្នាំមកហើយ

ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) បានកោត​សរសើរ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ពីប្រទេស​ដែល​ធ្លាប់​ទទួល​កង​កម្លាំង​រក្សាសន្តិភាពមកជាប្រទេសមួយដែលបច្ចុប្បន្ន​ជួយ​ស្វែង​រក​សន្តិភាព​ជូន​បណ្តា​ប្រទេស​ដទៃ។ ​កម្ពុជាបានក្លាយជាភាគីរួមចំណែកដ៏មានតម្លៃមួយក្នុងកិច្ចប្រឹងប្រែងសកល។

ក្នុងពិធីបំពាក់មេដាយជូនកងកម្លាំងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ និង​កង​អនុ​សេនា​ធំ​វិស្វកម្មពហុជំនាញលេខ៨៦៣ ដែលបានបំពេញបេសកកម្មដោយជោគជ័យ នៅអាហ្វ្រិក​កណ្តាល និងលីបង់​ក្នុង​ប្រតិបត្តិការរក្សាសន្តិភាពអង្គការ​សហ​ប្រជាជាតិ​នៅ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី វ៉ាដង់កា អង់ដ្រេវ៉ា អ្នកសម្រប​សម្រួល​អង្គ​ការ​សហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា កងកម្លាំងរក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​បំពេញ​ភារកិច្ចនៅទីកន្លែងដែលមានស្ថានភាពលំបាកបំផុត ជាច្រើនក្នុងពិភពលោក ដើម្បីការ​ពារ​ជន​ស៊ីវិល​ គាំទ្រសហគមន៍ និងថែរក្សាសន្តិភាពអោយបានយូរអង្វែង។ កង​កម្លាំង​ដែល​បាន​ផ្តល់​កិត្តិយស​នៅ​ថ្ងៃ​នេះ គឺជាផ្នែកមួយនៃប្រពៃណីដ៏គួរជាទីមោទនៈ។ កម្ពុជាបានក្លាយជាភាគីរួមចំណែកដ៏មានតម្លៃមួយ ក្នងកិច្ចខិតខំប្រឹងប្រែងជាសកល។ ក្នុងរយៈ​ពេល​ពីរ​ទសវត្សរ៍កន្លងមកនេះមានកងកម្លាំងរក្សាសន្តិភាពកម្ពុជាជាង ១០,០០០នាក់ បាន​ចូល​រួម​បេសកកម្មនៅតាមបណ្តាប្រទេស ចំនួន១០ ដែលបានបង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំរ​បស់កម្ពុជាចំពោះកិច្ចសហការពហុភាគី និងសាមគ្គីអន្តរជាតិ។

អ្នកសម្រប​សម្រួល​បានបញ្ជាក់ថា កម្ពុជាចូលរួមក្នុងបេសក​កម្ម​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ រយៈពេល២០ឆ្នាំ សូមអបអរសាទរ​នូវ​ដំណើរ​ដ៏​វិសេស​វិសាល​ពី​ប្រទេស​ដែល​ធ្លាប់​ទទួល​កងកម្លាំង​រក្សា​សន្តិភាព​មក​ជា​ប្រទេស​មួយ​ដែល​បច្ចុប្បន្ន​ជួយ​ស្វែង​រក​សន្តិភាព និង​ស្ថិរភាព​ជូន​ដល់​បណ្តាប្រទេសដទៃ។ អង្គការ​សហប្រជាជាតិ​កំពុង​ទន្ទឹង​រង់​ចាំ​ការ​ប្រារព្ធ​ខួប​២០ឆ្នាំ​ដ៏​សំខាន់​នេះ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី វ៉ាដង់កា អង់ដ្រេវ៉ា បានបញ្ជាក់ថា អង្គការសហប្រជាជាតិ​សូម​កោត​សរ​សើរចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជាក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព និង​ទទួល​ស្គាល់ថា​កា​រដឹកនាំរបស់ស្ត្រីគឺមានសារៈសំខាន់ សម្រាប់ការកសាងសន្តិភាពប្រកបដោយចីរភាព។ នារីដែលជាកងកម្លាំងរក្សាសន្តិភាពដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យកិច្ចប្រតិបត្តិការរក្សាសន្តិភាពកាន់តែ​ មានប្រសិទ្ធភាព រួមចំណែក និងឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia