Connect with us

ព័ត៌មាន

ឯកអគ្គរដ្ឋទូតចិន៖ ចំណងមិត្តភាពដែកថែប ចិន-កម្ពុជា កាន់តែរឹងមាំ និងស៊ីជម្រៅ

ភ្នំពេញ៖ក្នុងឱកាសអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ទំនាក់ទំនងចិន-កម្ពុជានៅតែបន្តរក្សាសន្ទុះអភិវឌ្ឍដ៏រឹងមាំ និងកាន់តែស៊ីជម្រៅលើវិស័យជាច្រើន។ ឯកឧត្តម​បានសង្កត់ធ្ងន់ថា ចិន-កម្ពុជា គឺជាមិត្តភក្តិដ៏ពិតប្រាកដ និងជាដៃគូល្អ ដែលជឿទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក ដែលនាំឱ្យ«ចំណងមិត្តភាពដែកថែប» រវាងប្រទេសទាំងពីរ កាន់តែរឹងមាំ និងយូរអង្វែង។

ក្នុងឱកាសអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា,ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីជាន់ខ្ពស់ និងអ្នកជំនួញល្បីៗ ជាច្រើនរូបទៀត។

ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា ហើយទំនាក់ទំនងទ្វេភាគីនៅតែបន្តរក្សាសន្ទុះអភិវឌ្ឍដ៏រឹងមាំ ដែលបានបង្ហាញលក្ខណៈពិសេសដ៏ជាក់ស្តែងពីកម្រិតខ្ពស់លើវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ។ ចិននិងកម្ពុជាគឺជាមិត្តភក្តិដ៏ពិតប្រាកដ និងជាដៃគូល្អ ដែលបានរួមសុខរួមទុក្ខជាមួយគ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក។ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ និងយូរអង្វែង។ ជាមួយគ្នានេះ ចិន-កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆំាងនឹងបទល្មើសឆ្លងដែន រួមមាន ការឆបោកតាមទូរគមនាគមន៍ និងតាមប្រព័ន្ធអនឡាញ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម វ៉ាង វិនពីន មានប្រសាសន៍ថា៖ «កម្ពុជាមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង និងធំទូលាយ ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍដោយខ្លួន​​​​​ឯង ហើយ តែងតែជាដៃគូដែលទទួលបានការទុកចិត្ត​បំផុតនៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។ ចិន​រីករាយក្នុងការសហការជាមួយកម្ពុជា ដើម្បីអនុវត្តកុងសុងស៊ីសយុទ្ធសាស្រ្តដែលសម្រេចបានដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ, បន្តពង្រឹងខ្លឹមសារនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលមានវិស័យអាទិភាពចំនួន ៦ ក្នុងការ​ជំរុញការអភិវឌ្ឍ «ច្រករបៀងមច្ឆានិងអង្ករ» និងច្រករបៀង«ឧស្សាហកម្ម និងបច្ចេកវិទ្យា» ឱ្យមានការវឌ្ឍនភាពជាលំដាប់ និងកសាងទំនាក់ទំនងចិន-កម្ពុជាឱ្យក្លាយជាគំរូនៃសហគមន៍សម្រាប់មនុស្សជាតិ និងរួមគ្នាសម្រេចបាននូវការស្តាឡើងវិញដ៏មហិមានៃប្រជាជាតិចិននិងប្រជាជាតិកម្ពុជា»។

ចំណែក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា បច្ចុប្បបន្នមិត្តជាដៃគូពាណិជ្ជកម្ម វិនិយោគ និងជាអ្នកផ្តល់ជំនួយធំបំផុតសម្រាប់កម្ពុ ជា ដែលបានរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជួយលើកកម្រិតជីវភាពប្រជាជនកម្ពុជា។ តាំងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មិត្តចិនដែលបានផ្តល់ជំនួយមកកម្ពុជាលើវិស័យសំខាន់ៗ រួមមាន ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ជាពិសេស គាំទ្រដល់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណន់តេជោ និងគម្រោងពាក់ព័ន្ធនានា។

ឯកឧត្តម មានប្រសាសន៍ថា៖ «ដើម្បីសម្រេចបាននូវការកសាងសហគមន៍វាសនារួម​កម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី​ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបាននិងកំពុងបន្តសហការ​គ្នាយ៉ាងជិតស្និតក្នុងការ​ជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការ​«ត្បូងពេជ្រ» ពង្រីកការបន្ស៊ីគ្នារវាងយុទ្ធសាស្ត្របច្ចកោណ និងគំនិតផ្តួតផ្តើមខ្សែក្រវ៉ាត់និងផ្លូវ​ ពន្លឿនការបង្កើតគម្រោងយុទ្ធសាស្ត្រធំៗពីរ គឺ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆានិងអង្ករ»។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រទាំងពីរនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងរុញច្រានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិកម្មទំនើបនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្ម និងការវិនិយោគរបស់ចិននៅកម្ពុជា​ បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង ទំហំពាណិជ្ជកម្មទ្វេភាគីសរុបបានកើនពីជាង ១៥ពាន់លានដុល្លារអាមេរិកក្នុង​ឆ្នាំ២០២៤ ដល់ ជាង ១៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ការវិនិយោគរបស់ចិននៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ដែលមានជាង ៤១,២ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០២៥៕អត្ថបទ៖ ធូ វិរៈ

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia