Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃព្រីតថេន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ចូល​រួម​ពិភាក្សា​ប្រយុទ្ធ​ប្រឆាំង ​Online Scams ការក្លែងបន្លំ និង​ឧក្រិដ្ឋ​កម្ម​​ឆ្លង​ដែន

លោក Lord Hanson រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងមកបំពេញទស្សន កិច្ចនៅកម្ពុជា ដើម្បី​ចូល​រួម​ពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និង​ឧក្រិដ្ឋ​​កម្ម​​ឆ្លង​ដែន និងចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។

តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតព្រីតថេនប្រចាំនៅកម្ពុជា បានលើក​ឡើង​ថា​ សប្ដាហ៍​នេះ យើងមានសេចក្ដីសោមនស្សរីករាយស្វាគមន៍ លោកLord Hanson រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​របស់ព្រីតថេន មកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន ហើយក្នុងដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​លោក​មកកាន់កម្ពុជាលោករដ្ឋមន្រ្តី នឹងចូលរួមជាមួយដៃគូអន្តរជាតិនានា ក្នុងសន្និសីទ​អន្តរជាតិ​ស្ដីពីកា​រប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថ​លេខា​លើ​អនុស្សរណៈ​យោគយល់ថ្មីរវាងព្រីតថេន និងកម្ពុជា ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​ប្រឈម​មុខ​នឹងការគំរាមកំហែងសកលដែលកំពុងកើនឡើងនេះ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះលោករដ្ឋមន្រ្តី ក៏នឹងជួបពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តនៃបញ្ហានេះនៅកម្ពុជា។កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាពិតជាមានសារៈសំខាន់។ តាមរយៈការប្រមូលផ្ដុំដៃគូអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈកម្ពុជាកំពុងរួមចំណែកដោះស្រាយបញ្ហាឧក្រិដ្ឋកម្មដែលកំពុងរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក។ រួមគ្នាព្រីតថេន និងកម្ពុជាអាចរំខានដំណើរការ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ។ លោក Lord Hanson បានលើកឡើងថា បណ្តាញឧក្រិដ្ឋជនគ្មានព្រំដែនទេ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ ក៏ត្រូវតែគ្មានព្រំដែនដូចគ្នាដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia