ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ខណៈកងទ័ព និងព្រះសង្ឃថៃបន្តដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គក្នុងភូមិសាស្ត្រភ្នំបេង ក្នុងស្រុកអន្លង់វែង
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបន្តធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្វើសកម្មភាពឈូសឆាយដី កងកម្លាំងប្រដាប់អាវុធថៃ អម ដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣។ នេះគឺជាករណីមួយទៀតនៃការដែលប្រទេសថៃបន្តប្រើប្រាស់ សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។
រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខាងលើ ដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពនេះក៏រំលោភផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមា ព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និង ចំណុចទី១ (វិធានការកាត់ បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
តាមរយៈសេចក្ដីថ្លែងការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាប់ព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់រាល់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នា ទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣