ព័ត៌មាន
ទិវាវប្បធម៌ឡាវនៅកម្ពុជា ឆ្នាំ២០២៦ ត្រូវបានបើកជាផ្លូវការដើម្បីអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ
នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ព្រឹត្តិការណ៍ «ទិវាវប្បធម៌ឡាវ នៅកម្ពុជា ឆ្នាំ២០២៦» បានបើកឆាកជាផ្លូវការហើយ នៅសាលសន្និសីទចតុម្មុខ។
ពិធីបើកនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា៖ ជាការពិតកម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងចំណងមិត្តភាពជាមួយគ្នាជាប្រវត្តិសាស្ត្រ និងយ៉ាងជិតស្និទ្ធជាយូរអង្វែងមកហើយ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីដ៏ពិសេស និងភាពជាដៃគូ យុទ្ធសាស្ត្រប្រកបដោយទំនុកចិត្តខ្ពស់បំផុត។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ បានបន្តចាក់ឫសយ៉ាងជ្រៅជាប្រវត្តិសាស្ត្រ និងត្រូវបានពូនជ្រំពីមួយជំនាន់ទៅមួយជំនាន់ដោយផ្អែកលើការជឿទុកចិត្តគ្នា ចំណងមិត្តភាពដ៏រឹងមាំ សាមគ្គីភាព និងបំណងប្រាថ្នារួមគ្នា ដើម្បីឆ្ពោះទៅរកការបន្តសម្រេចបាននូវសុខសន្តិភាព និងវិបុលភាព សម្រាប់ប្រជាជនប្រទេសទាំងពីរ សម្រាប់តំបន់ និងសម្រាប់ពិភពលោក។ ឆ្នាំ២០២៦ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងឡាវ។
លោកជំទាវបណ្ឌិតសភាចារ្យ សូមជម្រាបជូនអង្គពិធីបន្ថែមថា៖ ការអភិរក្ស ការលើកស្ទួយ បេតិកភណ្ឌវប្បធម៌ ព្រមទាំងកិច្ចពង្រឹងកិច្ចសហការអន្តរជាតិ គឺជាចំណុចស្នូលមួយនៃគោលនយោបាយ ជាតិរបស់កម្ពុជា។ កម្ពុជា ប្តេជ្ញាមិនត្រឹមតែការពារប្រាសាទ បុរាណដ្ឋាន និងតំបន់បុរាណវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់យើង រួមមាន របាំបុរាណ ប្រពៃណី សិល្បៈសម្តែង សិប្បកម្ម ភាសា ចំណេះដឹងប្រពៃណី និងជាពិសេស សហគមន៍ដែលបានថែរក្សា និងបន្តបេតិកភណ្ឌ វប្បធម៌អរូបីទាំងនេះពីជំនាន់មួយទៅជំនាន់មួយ។ សម្រាប់កម្ពុជា ក៏ដូចជាសម្រាប់គ្រប់ប្រទេសលើសកលលោក បេតិកភណ្ឌវប្បធម៌ គឺជាអត្តសញ្ញាណជាតិ និងអធិបតេយ្យភាពវប្បធម៌របស់យើង។ ការការពារបេតិកភណ្ឌ គឺជាការការពារការចងចាំ ការការពារសេចក្តីថ្លៃថ្នូរ និងអត្តសញ្ញាណរបស់ប្រជាជាតិ ហើយជាការធានាថា បេតិកភណ្ឌទាំងនេះនឹងត្រូវ បានបន្តទៅកាន់មនុស្សជំនាន់ក្រោយ។ កិច្ចសហប្រតិបត្តិការអន្តរជាតិ សាមគ្គីភាព និងការគោរពគ្នា ទៅវិញទៅមក គឺមានសារៈសំខាន់យ៉ាងខ្លាំង។ បេតិកភណ្ឌរបស់ប្រទេសនីមួយៗ រួមចំណែកដល់ភាព ចម្រុះនៃវប្បធម៌របស់មនុស្សជាតិទាំងមូល។ ដូចនេះហើយបានជាកម្ពុជា តែងតែចូលរួមយ៉ាងសកម្មលើ ឆាកអន្តរជាតិក្នុងការការពារបេតិកភណ្ឌ ជំរុញការយកវប្បធម៌ជាស្ពានសន្តិភាព និងថ្កោលទោសសកម្មភាព បំផ្លិចបំផ្លាញវប្បធម៌។
លោកជំទាវរដ្ឋមន្រី្ត សូមវាយតម្លៃខ្ពស់ជាថ្មីចំពោះក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ថានទូតឡាវ ប្រចាំកម្ពុជា សិល្បករ សិល្បការិនី ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។ ការសម្តែងសិល្បៈនាពេលនេះ ជាវេទិកាដែលបង្ហាញពីការ ផ្លាស់ប្តូរវប្បធម៌រវាងគ្នាទៅវិញទៅមកដែលនេះជាសក្ខីភាពនៃការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការលើ វិស័យវប្បធម៌យ៉ាងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ៕ អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣