ព័ត៌មាន
មន្ទីរពេទ្យព្រះអង្គឌួងបើកវគ្គបណ្តុះបណ្តាលគិលានុបដ្ឋាក-ឆ្មប ស្តីពី «ផែនការច្បាស់លាស់ កត់ត្រាត្រឹមត្រូវ ការថែទាំមានសុវត្ថិភាព»
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ មន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ផែនការច្បាស់លាស់ កត់ត្រាត្រឹមត្រូវ ការថែទាំមានសុវត្ថិភាព» ជូនដល់គិលានុបដ្ឋាក និងឆ្មប។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួងបានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងមានគោលបំណងសំខាន់ៗ ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់គិលានុបដ្ឋាក-ឆ្មប ក្នុងការរៀបចំផែនការថែទាំអ្នកជំងឺ ឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព លើកកម្ពស់គុណភាព នៃការកត់ត្រាព័ត៌មាន និងសកម្មភាពថែទាំអ្នកជំងឺ ឱ្យបានត្រឹមត្រូវ ពេញលេញ និងទាន់ពេលវេលា។ ពង្រឹងការអនុវត្តការថែទាំប្រកបដោយសុវត្ថិភាព ដោយផ្តោតលើការបង្ការ និងកាត់បន្ថយ ហានិភ័យចំពោះអ្នកជំងឺ និងលើកកម្ពស់ការទំនាក់ទំនង និងការងារជាក្រុម រវាងគិលានុបដ្ឋាក ឆ្មប វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលពាក់ព័ន្ធ។
ឯកឧត្តមសាស្រ្តាចារ្យ រង បានសង្កត់ធ្ងន់ថា៖ ក្នុងការងារប្រចាំថ្ងៃ ការថែទាំដែលមានគុណភាព ត្រូវចាប់ផ្តើមពីការរៀបចំផែនការឱ្យបានច្បាស់លាស់ ការកត់ត្រាឱ្យបានត្រឹមត្រូវ និងការអនុវត្តការងារដោយគោរពតាមស្តង់ដារ និងនីតិវិធី។ ដូច្នេះសូមឱ្យយើងទាំងអស់គ្នាចងចាំថា ផែនការច្បាស់លាស់ នាំឱ្យការងារមានទិសដៅកត់ត្រាត្រឹមត្រូវ នាំឱ្យការទំនាក់ទំនងមានប្រសិទ្ធភាពការថែទាំមានសុវត្ថិភាព នាំឱ្យអ្នកជំងឺទទួលបានការថែទាំប្រកបដោយគុណភាព និងរំពឹងថាបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ នឹងអាចរៀបចំផែនការថែទាំអ្នកជំងឺបានកាន់តែច្បាស់លាស់ និងមានអាទិភាព។ កត់ត្រាព័ត៌មានអ្នកជំងឺបានត្រឹមត្រូវ ពេញលេញ និងទាន់ពេលវេលា។ អនុវត្តការថែទាំដោយផ្តោតលើសុវត្ថិភាព និងគុណភាព។ បង្កើនប្រសិទ្ធភាពក្នុងការទំនាក់ទំនង និងការផ្ទេរព័ត៌មានក្នុងប្រព័ន្ធសុខាភិបាល និងយកចំណេះដឹងដែលទទួលបានទៅអនុវត្តជាក់ស្តែងនៅកន្លែងការងារ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងថា៖ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល គឺជាកត្តាស្នូលមួយក្នុងការលើកកម្ពស់គុណភាព សេវាសុខាភិបាល។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ និងបច្ចេកវិទ្យា គឺមានសារៈសំខាន់ ប៉ុន្តែធនធានមនុស្សដែលមានចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ គឺជាកម្លាំងសំខាន់ក្នុងការធានាឱ្យសេវាសុខាភិបាលមានគុណភាព និងឆ្លើយតបបានល្អចំពោះតម្រូវការរបស់ ប្រជាពលរដ្ឋ។ ក្នុងការផ្តល់សេវាថែទាំអ្នកជំងឺ រាល់សកម្មភាពរបស់យើងសុទ្ធតែមានអត្ថន័យ និងអាចប៉ះពាល់ដោយ ផ្ទាល់ដល់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកជំងឺ។ ហេតុនេះហើយ ការថែទាំអ្នកជំងឺមិនគួរត្រូវបាន មើលឃើញថា គ្រាន់តែជាការអនុវត្តភារកិច្ចប្រចាំថ្ងៃនោះទេ ប៉ុន្តែជាការអនុវត្តវិជ្ជាជីវៈ ដែលត្រូវការ ភាពម៉ត់ចត់ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។
អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣