ព័ត៌មាន
កម្ពុជា រៀបចំកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន (NADI) ផ្តោតលើការពង្រឹងមជ្ឈភាពអាស៊ាន និងការគោរពច្បាប់អន្តរជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន (NADI) ផ្តោតលើការពង្រឹងមជ្ឈភាពអាស៊ាន និងការគោរពច្បាប់អន្តរជាតិ ដោយកិច្ចប្រជុំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់តំណាង ស្ថាប័នស្រាវជ្រាវ និងគោលគំនិតក្នុងវិស័យការពារជាតិ និងសន្តិសុខ មកពី១៤ស្ថាប័នទូទាំង ប្រទេសសមាជិកអាស៊ាន។
ថ្លែងនៅក្នុងពិធីបើកនៅកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការនៃក្រសួងការពារជាតិ បានលើកឡើងពីសារៈសំខាន់នៃប្រធានបទកិច្ចប្រជុំ ដែលស្របតាមបរិបទសន្តិសុខបច្ចុប្បន្ន ខណៈប្រព័ន្ធអន្តរជាតិកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្របពេលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សកម្មភាពឯកតោភាគី ការប្រើប្រាស់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ក៏ដូចជាបញ្ហាប្រឈមចំពោះពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ កាន់តែមានភាពស្មុគស្មាញ។
ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន តាមរយៈយន្តការដែលផ្អែកលើច្បាប់តំបន់ និងអន្តរជាតិ ដើម្បីឱ្យអាស៊ានអាចបន្តដើរតួនាទីយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការទប់ស្កាត់ជម្លោះក្នុងតំបន់ជាដើម។
ថ្លែងនៅក្នុងឱកាសនោះដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជានាយកអង្គភាពសេនាតេជោ ព្រមទាំងជាប្រធានក្រុម NADI កម្ពុជា បានលើកឡើងថា ប្រធានបទនៃកិច្ចប្រជុំមានភាពពាក់ព័ន្ធយ៉ាងខ្លាំងជាមួយបរិយាកាសសន្តិសុខ ក្នុងតំបន់ និងអន្តរជាតិ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស និងមិនអាចប៉ាន់ស្មានបាន។ ក្នុងបរិបទនេះ NADI ត្រូវបានមើលឃើញថា មានតួនាទីសំខាន់ក្នុងការផ្តល់វេទិកាសម្រាប់ការផ្លាស់ប្តូរទស្សនៈ និងការសិក្សាយុទ្ធសាស្ត្រ ព្រមទាំងការបង្កើតគំនិត និងអនុសាសន៍ដែលអាចចូលរួមចំណែកដល់ការពង្រឹងយន្តការអាស៊ាន។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានជំរុញឱ្យការពិភាក្សារបស់ NADI ផ្តោតលើអនុសាសន៍ជាក់ស្តែង និងឆ្ពោះទៅមុខ ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខថ្មីៗ រួមមាន ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខដែនសមុទ្រ ព័ត៌មានមិនពិត និងការរីកចម្រើននៃបច្ចេកវិទ្យា។ ក្នុងនោះ ការធ្វើទំនើបកម្មវិស័យការពារជាតិ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ត្រូវបានលើកឡើងថា គួរតែស្របតាមច្បាប់អន្តរជាតិ និងគោលដៅរួមក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើក៏មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្នុង ព្រះជាណាចក្រកម្ពុជាក្នុងការផ្តល់នូវសុន្ទរកថាគន្លឹះក្នុងអង្គប្រជុំពីសំណាក់ ឯកឧត្តម បណ្ឌិត ឈឿនបូរាណ ច័ន្ទបូរី អនុរដ្ឋលេខាធិកាក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម បណ្ឌិតឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់នៃរដ្ឋសភាកម្ពុជា លើប្រធានបទ «មជ្ឈភាពអាស៊ានក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដែលកំពុងផ្លាស់ប្តូរ»។ វត្តមានចូលរួមពីសំណាក់វាគ្មិនជាន់ខ្ពស់ទាំងអស់សបញ្ជាក់អំពីសារសំខាន់នៃការ ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ក្នុងបញ្ហាសន្តិសុខតំបន់ និងពិភពលោក សារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងការចូលរួមរៀបចំសណ្ដាប់ធ្នាប់តំបន់ និងអន្តរជាតិដែលចេញពីឆន្ទៈរបស់បណ្ដាសមាជិករដ្ឋទាំង អស់ ពិសេសការពង្រឹងមជ្ឈភាពអាស៊ាន និងប្រសិទ្ធិភាពនៃការគាំទ្រគោលការណ៍អាស៊ានតាមរយៈការគោរពច្បាប់អន្តរជាតិ និងគោលការណ៍តំបន់ឱ្យបានរឹងមាំ៕
អត្ថបទ បាន ចក់


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣