ព័ត៌មាន
រដ្ឋាភិបាលជំរុញគោលនយោបាយសុវត្ថិភាពចរាចរណ៍តាមរោងចក្រ ការពារជីវិតកម្មករ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ដើម្បីការពារអាយុជីវិត និងសុខុមាលភាពរបស់កម្មករនិយោជិតក្នុងការធ្វើដំណើរទៅ-មកកន្លែងការងារ រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការបង្កើត និងអនុវត្ត «គោលនយោបាយស្តីពី សុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ»។ គោលនយោបាយនេះ ត្រូវបានរំពឹងថា នឹងអនុវត្តជាផ្លូវការនៅខែតុលា ឆ្នាំ២០២៦ ដោយមានគោលដៅចូលរួមកាត់បន្ថយការស្លាប់ និងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% ត្រឹមឆ្នាំ២០៣០។
លោកជំទាវ មឹន មាណវី រដ្ឋលេខធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានយ៉ាងតិច ៥០% ត្រឹមឆ្នាំ២០៣០ តាមរយៈការអនុវត្តផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ដើម្បីសម្រេចគោលដៅនេះ ផែនការជាតិបានលើកទឹកចិត្តឱ្យស្ថាប័នសាធារណៈ និងឯកជន បញ្ចូល បទបញ្ជាផ្ទៃក្នុង ឬ បង្កើតគោលនយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្ត វិធានការបង្ការ និងលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើររបស់បុគ្គលិក និងកម្មករនិយោជិត។
លោកជំទាវមានប្រសាសន៍ថា តាមផែនការ «គោលនយោបាយស្តីពី សុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ» នឹងដាក់ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យ និងកែតម្រូវ ដោយរំពឹងថា គោលនយោបាយនេះ នឹងអនុវត្តន៍ជាផ្លូវការនៅខែតុលា ឆ្នាំ២០២៦នេះ។ លោកជំទាវលើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាបិទពិគ្រោះយោបល់ស្តីពី «ការបង្កើត និងអនុវត្តគោលនយោបាយកម្រិតរោងចក្រស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក» នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ចំណែក លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា(AIP) បានឱ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យនូវការអនុវត្តសាកល្បងគោលនយោបាយស្តីពី«សុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ» ចាប់តាំងពីឆ្នាំ២០១៨ ដែលរោងចក្រចូលរួមចំនួន ៨០ មកពីវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ បច្ចុប្បន្ននេះ គោលនយោបាយនេះ ក៏កំពុងដំណើរសាកល្បង ដែលរោងចក្រគោលដៅកើនសរុបដល់ ២៥០ ស្ថិតក្នុងខេត្តអាទិភាពចំនួន ៦ រួមមាន ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង,ខេត្តកំពង់ស្ពឺ,ខេត្តកំពង់ចាម,ខេត្តតាកែវ, និងខេត្តស្វាយរៀង ហើយ តាមផែនការនឹងពង្រីកទៅកាន់រោងចក្រនៅទូទាំងប្រទេសដែលមានចំនួនជាង១ ០០០រោងចក្រ។
លោកបានបញ្ជាក់ថា ដើម្បីសម្រេចកម្មវត្ថុនៃ គោលនយោបាយស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ» គឺទាមទារឱ្យមានការប្តេជ្ញាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេស ម្ចាស់រោងចក្រ/សហគ្រាស។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈមួយ ដែលធ្វើឱ្យមានអ្នកស្លាប់ និងអ្នករបួស ជាច្រើននៅប្រទេសកម្ពុជា។ បើយោងតាមរបាយការណ៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានបង្ហាញថា ក្នុងឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិតចំនួន ៥ ៦៤២ ករណី។ ក្នុងនោះ ប្រមាណ ៦៧,១៩% កើតឡើងលើកម្មករនិយោជិតនៅតាមរោងចក្រ។ គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ កើតឡើងចំពោះកម្មករនិយោជិតច្រើននាក់ក្នុងពេលតែមួយ ដែលធ្វើដំណើរលើរថយន្តដឹកកម្មករ រួមមាន ៣៧,៦១% នៃគ្រោះថ្នាក់ដែលបង្កឡើងដោយរថយន្តទាំងនេះ។ ការផ្ទុកមនុស្សច្រើនលើស ចំណុះ លើរថយន្តដែលមិនមានសុវត្ថិភាព អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់ធ្ងរ៕
អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣