Connect with us

ព័ត៌មាន

ពិធីបើកការដ្ឋានសាងសង់ទីតាំងថ្មីរួមគ្នានៃសាលាអន្តរជាតិជប៉ុនភ្នំពេញ (JISPP) និងសាលាជប៉ុនភ្នំពេញ (JSPP) នៅខណ្ឌមានជ័យ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីតាំងថ្មីរួមគ្នានៃសាលាអន្តរជាតិជប៉ុនភ្នំពេញ (JISPP) និងសាលាជប៉ុនភ្នំពេញ (JSPP) នៅខណ្ឌមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម MISUMI Takahito ភារធារីស្ដីទីនៃស្ថានទូតជប៉ុន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Wonderfy Inc. លោកប្រធានសមាគមជប៉ុននៅកម្ពុជា លោកគ្រូ អ្នកគ្រូ ភាគីពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ភាគីពាក់ព័ន្ធទាំងអស់ចំពោះសមិទ្ធផលថ្មីនេះ និងបានគូសបញ្ជាក់ថា ការបើកការដ្ឋាននាថ្ងៃនេះ មិនត្រឹមតែជាការសាងសង់អគារសិក្សាថ្មីប៉ុណ្ណោះទេ ថែមទាំងជាការចាក់គ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់កុមារ ការពង្រឹងសហប្រតិបត្តិការអប់រំរវាងកម្ពុជា-ជប៉ុន និងការបណ្ដុះស្មារតីមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំលឹកផងដែរអំពីជំនួបទ្វេភាគីជាមួយ ឯកឧត្តម Yohei Matsumoto រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ដោយភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការអប់រំរវាងកម្ពុជា និងជប៉ុន កាន់តែស៊ីជម្រៅថែមទៀត។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធអប់រំរបស់ប្រទេសជប៉ុន ដែលមិនត្រឹមតែផ្ដោតលើចំណេះដឹងផ្នែកសិក្សារៀនសូត្រប៉ុណ្ណោះទេ ថែមទាំងជួយបណ្ដុះនូវវិន័យ ការទទួលខុសត្រូវ ស្មារតីសហការ ការគោរពអ្នកដទៃ និងស្មារតីសហគមន៍យ៉ាងល្អប្រសើរ។ ទន្ទឹមគ្នានេះ វិធីសាស្ត្រអប់រំអន្តរជាតិ (IB) នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យសិស្សមានការគិតឯករាជ្យ ចេះចោទសួរ និងស្វែងរកដំណោះស្រាយ ដែលសុទ្ធសឹងជាបំណិនចាំបាច់សម្រាប់សតវត្សទី២១។ ជាមួយគ្នានេះ ការប្រមូលផ្ដុំសាលាទាំងពីរដែលមានលក្ខណៈពិសេសរៀងៗខ្លួនមកនៅលើទីតាំងតែមួយនេះ នឹងផ្ដល់ឱកាសដ៏វិសេសវិសាលដល់កុមារកម្ពុជា និងកុមារជប៉ុនក្នុងការរៀនសូត្ររួមគ្នា ស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក និងកសាងមិត្តភាពរវាងប្រទេសទាំងពីរតាំងពីវ័យក្មេង ដែលនឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងកម្ពុជា-ជប៉ុនកាន់តែរឹងមាំនាពេលអនាគត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ទីភ្នាក់ងារ JICA ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុន ស្ថានទូតជប៉ុន សមាគមជប៉ុន និងក្រុមហ៊ុន Wonderfy Inc. ដែលតែងតែរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Wonderfy Inc. ដែលបានសហការជាមួយ JICA ចាប់តាំងពីឆ្នាំ២០១៨មក ក្នុងការលើកកម្ពស់ការសិក្សាតាមរយៈកម្មវិធី Think! Think! រហូតឈានដល់ការបើកសាលាមត្តេយ្យនៅឆ្នាំ២០២៤ និងឈានមកដល់ការពង្រីកសាខាថ្មីនាពេលនេះ។

សាលាសាខាខណ្ឌមានជ័យនេះ គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ ដោយផ្ដល់នូវការអប់រំយ៉ាងទូលំទូលាយចាប់ពីកម្រិតទារកដ្ឋាន និងមត្តេយ្យសិក្សា រហូតដល់បឋមសិក្សា និងអនុវិទ្យាល័យ ព្រមទាំងមានការដាក់បញ្ចូលសាលាជប៉ុនភ្នំពេញ ដែលទទួលស្គាល់ដោយក្រសួងអប់រំជប៉ុន មកនៅលើទីតាំងថ្មីនេះជាមួយគ្នាផងដែរ។ សាខាថ្មីនេះនឹងក្លាយជាគំរូទីតាំងសិក្សាដំបូងគេបង្អស់ដែលទទួលបានការទទួលស្គាល់គុណភាពពីរ (Dual accreditations) តាមរយៈការរួមបញ្ចូលគ្នានូវកម្មវិធីអប់រំអន្តរជាតិ (IB) និងកម្មវិធីសិក្សាដែលទទួលស្គាល់ដោយក្រសួងអប់រំនៃប្រទេសជប៉ុន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia