ព័ត៌មាន
រដ្ឋមន្ត្រីព័ត៌មាន៖គិតត្រឹមថ្ងៃទី៣១ ខែសីហាឆ្នាំនេះទីតាំង Online Scams ធំៗចំនួន ៨៦ កន្លែងត្រូវបានបង្ក្រាប និងរំលាយ ខណៈថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក
ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខ្នាតធំចំនួន ៨៦ កន្លែងត្រូវបានបង្ក្រាបនិងរំលាយ។ ចំណែកទឹកប្រាក់របស់ក្រុមឧក្រិដ្ឋជនជាង ៣០០លានដុល្លារអាម៉េរិក នៅក្នុងគណនីធនាគារដែលមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបង្កក។ សមត្ថកិច្ចបន្តស៊ើបអង្កេត តាមដាន និងទប់ស្កាត់ការកកើតឡើងវិញនៃទីតាំង និងបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។
ការបញ្ជាក់នេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការ រៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជក់ថា យោងតាមតួលេខដែលមានក្នុងឯកសាររៀបចំសន្និសីទ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចបានត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៨៣២ កន្លែង និងចាត់វិធានការលើទីតាំងចំនួន ៦៦៣ កន្លែង។ ទីតាំងឆបោកខ្នាតធំចំនួន ៨៦ កន្លែងត្រូវបានបង្ក្រាបនិងរំលាយ។ សំណុំរឿងចំនួន ៤៤៦ ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងជនសង្ស័យចំនួន ៣.៩២៧ នាក់។ ទឹកប្រាក់ជាង ៣០០ លានដុល្លារអាម៉េរិក នៅក្នុងគណនីធនាគារដែលមានជាប់ពាក់ព័ន្ធនឹងការឆបោកត្រូវបានបង្កក។តួលេខទាំងនេះបង្ហាញពីវិសាលភាពនៃការអនុវត្តច្បាប់ ប៉ុន្តែមិនមានន័យថាការងាររបស់យើងបានបញ្ចប់ហើយនោះទេ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា យើងទទួលស្គាល់ថា បណ្តាញឧក្រិដ្ឋកម្មមានសមត្ថភាពផ្លាស់ប្តូររូបភាព និងវិធីសាស្ត្រប្រតិបត្តិការរបស់ខ្លួន។ នៅពេលដែលទីតាំងឆបោកខ្នាតធំត្រូវបានបង្ក្រាប ឧក្រិដ្ឋជនអាចបំបែកប្រតិបត្តិការទៅជាក្រុមតូចៗ ឬលាក់ខ្លួនក្រោមរូបភាពអាជីវកម្មផ្សេងៗ។ ហេតុនេះ ភារកិច្ចរបស់យើងនៅដំណាក់កាលបន្ទាប់ គឺបន្តស៊ើបអង្កេត តាមដាន និងទប់ស្កាត់ការកកើតឡើងវិញនៃទីតាំង និងបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។ ការកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូលការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនអាចបញ្ចប់ត្រឹមការចុះបង្ក្រាបទីតាំង ឬការចាប់ខ្លួនជនសង្ស័យមួយចំនួននោះឡើយ។ បទពិសោធន៍បានបង្ហាញថា បណ្តាញឧក្រិដ្ឋកម្មទាំងនេះមានខ្សែច្រវាក់ប្រទាក់ក្រឡាគ្នា ចាប់ពីការជ្រើសរើស និងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការងារ ការប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ រហូតដល់ការផ្ទេរប្រាក់ខុសច្បាប់ និងការលាក់បាំងទ្រព្យសម្បត្តិដែលបានមកពីបទល្មើស។
ដូច្នេះ ការបង្ក្រាបត្រូវអនុវត្តជាប្រព័ន្ធ ចាប់ពីការត្រួតពិនិត្យ ការបិទទីតាំង ការដកហូត ឬព្យួរអាជ្ញាបណ្ណ ការស៊ើបអង្កេត ការបញ្ជូនសំណុំរឿងទៅតុលាការ ការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ រហូតដល់ការទប់ស្កាត់ការកកើតឡើងវិញ។ ជាពិសេស ការស៊ើបអង្កេតហិរញ្ញវត្ថុគឺជាការងារដ៏សំខាន់។ ការបិទទីតាំងមួយអាចបញ្ឈប់សកម្មភាពឆបោកនៅទីតាំងនោះ ប៉ុន្តែមិនមានន័យថាមេខ្លោង ឬបណ្តាញដែលផ្តល់ហិរញ្ញប្បទានត្រូវបានបំបែកទាំងស្រុងឡើយ។ កម្ពុជាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអនុវត្តច្បាប់ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ ដើម្បីតាមដានលំហូរប្រាក់ កំណត់អត្តសញ្ញាណអ្នកទទួលផល និងចាត់វិធានការលើទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស ស្របតាមច្បាប់ជាធរមាន៕
អត្ថបទ៖ វង្ស សុភាព 










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣