ព័ត៌មាន
កម្ពុជា-ចិន ពង្រឹងចំណងមិត្តភាពថ្នាក់យុវជន តាមរយៈព្រឹត្តិការណ៍អំណានសហគ្រិនភាព
កម្ពុជា និងចិន បង្ហាញការប្ដេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែម ដើម្បីប្រយោជន៍ នៃប្រជាជន ប្រទេសទាំងពីរ តាមរយៈការរៀបចំ ព្រឹត្តិការណ៍អំណាន ជំរុញការស្វែងយល់ពីសក្កានុពល ក្នុងបរិបទភាពជឿនលឿន នៃបច្ចេកវិទ្យា។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជា និងចិន បានបើកជាផ្លូវការ នូវព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជន កម្ពុជា-ចិន និងពិធីសម្ពោធ ទូដាក់សៀវភៅ ភាពកក់ក្ដៅពីភាគខាងត្បូង បង្កើនទំនាក់ទំនងតាមរយៈសៀវភៅ ក្រោមអធិបតីភាព ឯកឧត្ដម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងឯកឧត្ដម ផឹង ពីន អនុប្រធានផ្នែកឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនិស្ដចិន ខេត្តយូណាន និងជាប្រធានការិយាល័យ កសាងអរិយធម៌ ខាងស្មារតី នៃគណៈកម្មាធិការបក្សកុម្មុយនិស្ដចិន ខេត្តយូណាន។
ឯកឧត្ដម កឹម គុណវឌ្ឍន៍ មានប្រសាសន៍ថា ទំនាក់ទំនង កម្ពុជា និងចិន នាពេលបច្ចុប្បន្ន កំពុងស្ថិតនៅ ក្នុងដំណាក់កាលល្អប្រសើរបំផុត ក្នុងប្រវត្តិសាស្រ្ដ ហើយត្រូវបានពង្រឹង និងពង្រីក ឥតឈប់ឈររហូតក្លាយជា ភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និងការកសាង សហគមន៍វាសនារួមកម្ពុជា ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ក្នុងយុគ្គសម័យថ្មី។ ឯកឧត្ដម បន្តថា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងការជំរុញយ៉ាងសកម្ម នូវច្រករបៀងសំខាន់ៗ ដូចជា ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងត្រី និងអង្ករជាដើម។ ហើយមិត្តភាពដ៏រឹងមាំ រវាង កម្ពុជា និងចិន មិនត្រឹមតែនាំមកនូវ ផលប្រយោជន៍ជាក់ស្ដែង ដល់ប្រទេស និងប្រជាជនទាំងពីរប៉ុណ្ណោះទេ តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន វប្បធម៌ និងការផ្លាស់ប្ដូរយុវជនជំនាន់ក្រោយថែមទៀតផង។
ឯកឧត្ដម បន្តថា ប្រធានបទ នៃព្រឹត្តការណ៍អំណាន TOMORROW’S BOOS ដែលផ្ដោតលើការបណ្ដុះស្មារតីសហគ្រិនភាពយុវជន នវានុវត្តកម្ម និងការសិក្សារៀនសូត្រ ពីគ្នាទៅវិញ ទៅមក គឺពិតជាមានសារសំខាន់ក្នុងការរឹតចំណងមិត្តភាព និងពង្រឹងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ពិសេសយុវជនកម្ពុជា ក្នុងការដុះខាត់ឱ្យកាន់តែល្អ ក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជា ឆ្ពោះទៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ហើយសម្រាប់ក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្រ្ដា តែងតែប្រកាន់ខ្ជាប់នូវទស្សនវិស័យច្បាស់លាស់ ក្នុងការធ្វើទំនើបកម្មស្ថាប័ន លើកកម្ពស់សន្ដិសុខព័ត៌មាន និងការគាំទ្រ ដល់គំនិតផ្ដួចផ្ដើម ដែលជំរុញការអភិវឌ្ឍចំណេះដឹង និងធនធានមនុស្ស។ ហើយក្រសួងប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូចិន ដើម្បីពង្រឹងការផ្លាស់ប្ដូរព័ត៌មាន បង្កើនការយល់ដឹងជាសាធារណៈ និងជំរុញឱ្យទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ រីកចម្រើន និងចាក់ឫសយ៉ាងរឹងមាំក្នុងដួងចិត្តមហាជន ពិសេសយុវជនជំនាន់ក្រោយ។
ឯកឧត្ដម ផឹង ពីន អនុប្រធានផ្នែកឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនិស្ដចិន ខេត្តយូណាន និងជាប្រធានការិយាល័យ កសាងអរិយធម៌ ខាងស្មារតី នៃគណៈកម្មាធិការបក្សកុម្មុយនិស្ដចិន ខេត្តយូណាន មានប្រសាសន៍ថា កម្ពុជា និង ចិន គឺជាមិត្តដែកថែប ដែលរួមសុខរួមទុក្ខជាមួយគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក។ ឯកឧត្ដមបន្តថា ព្រឹត្តិការណ៍នៅថ្ងៃនេះ រៀបចំឡើងដើម្បីឱ្យយុវជន ដែលជាអ្នកបន្តវេន នៃប្រទេសទាំងពីរ បានស្វែងយល់ពីវប្បធម៌ទៅវិញទៅមក និងបន្តថែរក្សាប្រពៃណី នៃមិត្តភាពដ៏ល្អរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំ។
ឯកឧត្ដម ផឹង ពីន ឱ្យដឹងថា ព្រឹត្តិការណ៍រឹងចំណងមិត្តភាព តាមរយៈព្រឹត្តិការណ៍ ដាក់សម្ពោធ ទូដាក់សៀវភៅ ភាពកក់ក្ដៅពីភាគខាងត្បូង បង្កើនទំនាក់ទំនងតាមរយៈសៀវភៅនេះ ត្រូវបានធ្វើនៅក្នុងប្រទេសចំនួន ៤រួចមកហើយ ដែលរួមមាន ប្រទេសឡាវ មីយ៉ាន់ម៉ា ស្រីលង្កា និងប្រទេសវៀតណាម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនង យុវជន និងយុវជនបានស្វែងយល់ពីគ្នា បង្កើនកិច្ចសហប្រតិបត្តិការណ៍កាន់តែល្អ។ ហើយសម្រាប់កម្ពុជា ឯកឧត្ដមជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាសកម្មភាព ដ៏កក់ក្ដៅមួយទៀត សម្រាប់ការបង្កើនការផ្លាស់ប្ដូរវាងប្រជាជន និងប្រជាជន នៃប្រទេសកម្ពុជា និងចិន៕







-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣