ព័ត៌មាន
កម្ពុជា-គុយបា ស្វែងរកកាលានុវត្តភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសក្កានុពល
នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណដល់សម្ដេចធិបតី ដែលបានចំណាយពេលវេលេដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន នាពេលកន្លងមក។ លោកជំទាវ បានបន្តថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និងគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះ, លោកជំទាវ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ក្នុងកាលៈទេសៈដ៏លំបាកបំផុតរបស់កម្ពុជា នៅក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តរហូតមកដល់បច្ចុប្បន្ន និងកំពុងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ សម្ដេចធិបតីបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តពង្រីកទៅកាន់វិស័យសក្កានុពលផ្សេងៗទៀត មានជាអាទិ៍ វិស័យកសិកម្ម និងសុខាភិបាល។
មុននឹងបញ្ចប់, សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ, កសិកម្ម, វប្បធម៌, ទេសចរណ៍, និងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ។ សម្ដេចធិបតីក៏បានលើកទឹកចិត្តលោកជំទាវឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកកាលានុវត្តភាពសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសក្កានុពលនានា៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣