ព័ត៌មាន
កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបការលើវិស័យសន្ដិសុខ
នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តម ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី និង ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះ សម្ដេចធិបតី។ ជាមួយគ្នានេះ, ឯកឧត្តមបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើង ថែមទៀត។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានគូសរំលេចអំពីការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ តាមរយៈការជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល និងការដំឡើងកម្រិតកិច្ចសន្ទនាពី ២+២ ទៅ ៣+៣ ដោយបន្ថែមក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាការឆ្លើយតប, សម្តេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តម អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ។ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែបានគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងចិន ដែលក្នុងនោះ រួមមានទាំងកិច្ចសហប្រតិបត្តិការលើការពង្រឹងសន្ដិសុខ, ការចែករំលែកព័ត៌មាន និងការពង្រឹងការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្ពុជា។ ចំពោះការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, សម្ដេចធិបតីបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត្តរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឱ្យអស់ពីទឹកដីកម្ពុជា។ សម្ដេចធិបតីបានបន្ថែមថា ពាក់ព័ន្ធនឹងកិច្ចការនេះ កម្ពុជាមិនអាចអនុវត្តតែម្នាក់ឯងបានទេ ពោលគឺទាមទារនូវកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសជាដៃគូ និងអ្នកពាក់ព័ន្ធនានា។ ក្រៅពីនេះ, សម្ដេចធិបតីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងការជំរុញវិស័យទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេស ការទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ដោយសម្ដេចបានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព, ភាពកក់ក្តៅ និងពោរពេញដោយការស្វាគមន៍រាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា៕






-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣