ព័ត៌មាន
ស្ថាប័នចំនួនពីរ ប្តេជ្ញាត្រួតពិនិត្យសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ និងទ្រព្យនិម្មិត ជំរុញអនុលោមភាពបទប្បញ្ញត្តិ
និយ័តករមូលបត្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា ប្តេជ្ញាជំរុញក្របខ័ណ្ឌត្រួតពិនិត្យ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំង ក្របខ័ណ្ឌពាក់ព័ន្ធនឹងទ្រព្យនិម្មិត ក្នុងគោលដៅជំរុញអនុលោមភាពបទប្បញ្ញត្តិ និងការទប់ស្កាត់ជនទុច្ចរិតរួចផុតពីការបំពានច្បាប់ ចំពោះសកម្មភាពការបោះផ្សាយ ការប្តូរ ការជួញដូរ ការថែរក្សាសុវត្ថិភាព ពាក់ព័ន្ធនឹងទ្រព្យនិម្មិត។
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងធនាគារជាតិនៃកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមស្តីពី គោលការណ៍នៃការគ្រប់ គ្រងទ្រព្យនិម្មិត និងក្រុមហ៊ុនផ្តល់សេវាទ្រព្យនិម្មិត ដើម្បីផ្តល់ការណែនាំអំពីក្របខ័ណ្ឌបទប្បញ្ញត្តិ ដែលអនុវត្តចំពោះរូបវន្តបុគ្គល ឬនីតិ បុគ្គលផ្តល់សេវាទ្រព្យនិម្មិត ឬផ្តល់សេវាពាក់ព័ន្ធនឹងទ្រព្យនិម្មិតដល់រូបវន្តបុគ្គល ឬនីតិបុគ្គលក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយពី ពិនិត្យឃើញថា ទីផ្សារទ្រព្យនិម្មិតមានការរីកដុះដាល និងកំណើននៃការប្រើប្រាស់ទ្រព្យនិម្មិតជាការវិនិយោគ ដែលមានលក្ខណៈ បរិកប្បកម្ម បន្ថែមលើមុខងាររបស់ទ្រព្យនិម្មិត ជាមធ្យោបាយនៃការទូទាត់សម្រាប់ទំនិញនិងសេវាកម្ម ដែលអាចបង្កនូវហានិភ័យម៉ាក្រូ សេដ្ឋកិច្ច ព្រមទាំងហានិភ័យពាក់ព័ន្ធនឹងការការពារវិនិយោគិន និងអ្នកប្រើប្រាស់ ការក្លែងបន្លំ ការប្រែប្រួល តម្លៃ ការប្រកួតប្រជែង ការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ការគេចវេសពីទណ្ឌកម្មនិងពន្ធ និងឧក្រិដ្ឋកម្មសាយប័រ។
ជាគោលការណ៍ស្នួល, ន.ម.ក. និងធនាគារជាតិនៃកម្ពុជា មានបំណងរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិដែលបន្សំគ្នា សម្រាប់អនុវត្ត ចំពោះសកម្មភាពពាក់ព័ន្ធនឹងទ្រព្យនិម្មិត ដោយផ្អែកលើគោលការណ៍ស្នូលដូចជា៖ ការពារវិនិយោគិននិងអ្នកប្រើប្រាស់, សុចរិតភាព ទីផ្សារ, ការគាំទ្រនវានុវត្តន៍។ ធនាគារពាណិជ្ជដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ហើយមានបំណងផ្តល់ សេវាដែលពាក់ព័ន្ធ នឹងការប្រើប្រាស់ទ្រព្យនិម្មិតដល់អតិថិជន ត្រូវស្នើសុំការអនុញ្ញាតជាមុនពីធនាគារជាតិនៃកម្ពុជា។
ចំពោះកិច្ចសហប្រតិបត្តិការនិងជំហានបន្ទាប់, ន.ម.ក. និងធនាគារជាតិនៃកម្ពុជា ប្តេជ្ញាជំរុញក្របខ័ណ្ឌត្រួតពិនិត្យប្រកប ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ អ្នកចូលរួមក្នុងទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ រួមបញ្ចូលទាំង ក្របខ័ណ្ឌពាក់ព័ន្ធនឹងទ្រព្យនិម្មិត ក្នុងគោលដៅជំរុញអនុលោមភាពបទប្បញ្ញត្តិ លើកកម្ពស់ការយល់ដឹងសុខដុមនីយកម្ម និងការ សម្របសម្រួលរវាង ន.ម.ក. និងធនាគារជាតិនៃកម្ពុជា ធានាការត្រួតពិនិត្យ និងការពង្រឹងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។ ការងារអាទិភាពមួយសម្រាប់ ន.ម.ក. និងធនាគារជាតិនៃកម្ពុជា ដើម្បីទប់ស្កាត់ជនទុច្ចរិតរួចផុតពីការបំពានច្បាប់ គឺដាក់ចេញនូវ បទប្បញ្ញត្តិច្បាស់លាស់ ចំពោះសកម្មភាពដូចជា ការបោះផ្សាយ ការប្តូរ ការជួញដូរ ការថែរក្សា សុវត្ថិភាពពាក់ព័ន្ធនឹងទ្រព្យនិម្មិត។
ន.ម.ក. និងធនាគារជាតិនៃកម្ពុជា នឹងធ្វើការពិគ្រោះយោបល់ជាប្រចាំលើបញ្ហាបទប្បញ្ញត្តិ ដែលជាប្រយោជន៍រួម និងស្វែង រកការបន្ស៊ីលក្ខខណ្ឌផ្នែកបទប្បញ្ញត្តិ ដែលអនុវត្តចំពោះសេវាពាក់ព័ន្ធទ្រព្យនិម្មិតស្ថិត ក្រោមវិសាលភាពអាជ្ញាបណ្ណ អនុលោមតាម គោលការណ៍ “សកម្មភាពដូចគ្នា ហានិភ័យដូចគ្នា បទប្បញ្ញត្តិ ដូចគ្នា” ដើម្បីកាត់បន្ថយបន្ទុកផ្នែកបទប្បញ្ញត្តិដែលដាក់លើបុគ្គល ផ្តល់សេវា និងទប់ស្កាត់ការទាញយក ផលប្រយោជន៍ពីកម្រិតខុសគ្នានៃបទប្បញ្ញត្តិ ឬការត្រួតពិនិត្យរបស់អាជ្ញាធរ។
ជុំវិញបញ្ហានេះ ន.ម.ក. និងធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់សាធារណៈជនថា យោងតាមច្បាប់ជាធរមានក្នុងព្រះរាជាណា ចក្រកម្ពុជា ទ្រព្យនិម្មិតមិនត្រូវបានទទួលស្គាល់ជារូបិយវត្ថុមានតម្លៃនីត្យានុកូល ឬធានាដោយរដ្ឋាភិបាល ឬធនាគារកណ្តាលឡើយ។ ទ្រព្យនិម្មិតមានតម្លៃប្រែប្រួលខ្លាំង និងមានហានិភ័យខ្ពស់។ សាធារណជនគួរវាយតម្លៃដោយប្រុងប្រយ័ត្ននូវ ហានិភ័យដែលពាក់ព័ន្ធ នឹងការជួញដូរទ្រព្យនិម្មិត មុននឹងសម្រេចចិត្តវិនិយោគ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣