ព័ត៌មាន
ឯកឧត្តម នេត សាវឿន គូសបញ្ជាក់ពីវិធានការ ៣ចំណុច ដើម្បីកាត់ផ្ដាច់ច្រវាក់ឧក្រិដ្ឋកម្ម Online Scams
ភ្នំពេញ៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៃកម្ពុជា (គ.ប.ច.ប.) បានគូសបញ្ជាក់ពីវិធានការយុទ្ធសាស្ត្រ៣ចំណុច ដើម្បីកាត់ផ្ដាច់ច្រវាក់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត គូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទជាផ្លូវការនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះខ្លឹមសារលទ្ធផលនៃសន្និសីទ ICCOS-2026 ដែលបានដាក់ចេញនូវអនុសាសន៍ទិសដៅ និងវិធានការប្រកបដោយសក្តិសិទ្ធិភាពជាច្រើន ដើម្បីឆ្លើយតបទៅនឹងបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់នូវវិធានការចម្បងចំនួន ៣ ក្នុងនោះមាន៖
ទី១. វិធានការបង្ការការពារៈ៖ ដែលជាវិធានការស្នូលដ៏សំខាន់ក្នុងការទប់ស្កាត់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងន័យនេះ ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់ចម្បងមិនអាចខ្វះបាន ដើម្បីឱ្យពលរដ្ឋយើងទាំងអស់បានដឹងអំពីល្បិចកល នៃការឆបោកតាមរយៈទូរស័ព្ទនិងសារក្លែងបន្លំនានា ឱកាសវិនិយោគក្លែងក្លាយ ឱកាស ការងារដែលផ្តល់ប្រាក់ខែខ្ពស់មិនគួរឱ្យទុកចិត្ត ការឆបោករូបភាពមនោសញ្ចេតនា និង ការប៉ុនប៉ងលួចទិន្នន័យនានា។
ចំពោះ បរិបទកម្ពុជា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានខិតខំយកចិត្តទុកដាក់លើកិច្ចការងារនេះ ជាអាទិភាពចម្បង តាមរយៈការរៀបចំ សិក្ខាសាលាអប់រំ ការលើកកម្ពស់ការយល់ដឹងតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម និង ការចុះអប់រំពលរដ្ឋតាមមូលដ្ឋាន តាមវេទិកាសាធារណៈនានា ក្នុងគោលដៅធ្វើយ៉ាងណា បញ្ចៀសពលរដ្ឋកុំឱ្យធ្លាក់ចូលក្នុងអន្លង់ នៃការឆបោកដ៏គ្រោះថ្នាក់នេះ។
ទី២. វិធានការអនុវត្តច្បាប់ម៉ឺងម៉ាត់៖ គឺជាការឆ្លើយតបយ៉ាងសំខាន់និងមាន ប្រសិទ្ធភាព ចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយទាមទារឱ្យមានយុទ្ធនាការ បោសសម្អាត ស្រាវជ្រាវ ស៊ើបអង្កេត និងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុត ធ្វើយ៉ាងណាកាត់ផ្តាច់ បណ្តាញឧក្រិដ្ឋជន និងឈានទៅលុបបំបាត់ឫសគល់នៃបញ្ហានេះ ចេញពីសង្គមជាតិ។ សម្រាប់ឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈមោះមុត ពុះពារមិនរាថយ ក្នុងការប្រើប្រាស់វិធានការអនុវត្តច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហា ដោយក្នុងនោះ កម្ពុជា គឺជាប្រទេសដែលឈានមុខគេ ក្នុងការបង្កើតឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា រួមជាមួយ ការឃាត់ខ្លួន ការផ្តន្ទាទោស និងការបណ្តេញចេញពីប្រទេស ការប្រើប្រាស់វិធានការបច្ចេកទេសរារាំងប្រតិបត្តិការរបស់ក្រុមឆបោក ការរឹតបន្តឹងរដ្ឋបាល ទីតាំងដែលប្រឈមនឹងហានិភ័យ ព្រមទាំងការពង្រឹងអភិបាលកិច្ចល្អ ប្រឆាំងនឹងអំពើពុករលួយ។ វិធានការច្បាប់ដ៏តឹងរ៉ឹងទាំងនេះ គឺជាខែលការពារដ៏រឹងមាំរបស់កម្ពុជា ប្រយុទ្ធប្រឆាំងតបត ទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវតែបន្តអនុវត្តរហូតដល់បទល្មើសមួយនេះ រលត់សាបសូន្យចេញពីប្រទេសកម្ពុជា។
ទី៣. កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ដែលជាសមាសធាតុមួយមិនអាចខ្វះបាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសារយើង ទាំងអស់គ្នាបានដឹងស្រាប់ហើយថា ក្រុមទុច្ចរិតមិនបានប្រកាន់ថា ប្រទេសណា តំបន់ណា ទ្វីបណា ឬ ជនជាតិណានោះទេ ដោយប្រតិបត្តិការរបស់ពួកគេ គឺពង្រាយគ្រប់ទីតាំងដែលអាច ធ្វើបាន ទីតាំងដែលអាចឆ្លៀតឱកាស តាមរយៈឧបាយកល និងបច្ចេកវិទ្យាផ្សេងៗ និង ក្រុមបណ្តាញអង្គការចាត់តាំងដែលចាក់ស្រេះគ្រប់ទិសទី។ យោងលើបច្ច័យទាំងនេះ អ្វីដែលយើងត្រូវការបំផុតនោះ គឺកិច្ចសហប្រតិបត្តិការអន្តរជាតិដែលខ្លាំងមួយ ដែលលឿន រហ័ស ការចែករំលែកព័ត៌មាន និងការសហការជួយគ្នាទៅវិញទៅមក។
ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវ អំណរគុណចំពោះ បណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានា ដែលបានផ្តល់កិច្ចសហការ យ៉ាងល្អប្រសើរជាមួយសមត្ថកិច្ចកម្ពុជានាពេលកន្លងមក តាមរយៈការចែករំលែកព័ត៌មាន ការសហការស៊ើបអង្កេត ការជួយធ្វើកោសលវិច័យ កិច្ចសហការបត្យាប័ន និងការបណ្តេញចេញ និងការជួយបណ្តុះបណ្តាលជំនាញដល់មន្ត្រី។ ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា វប្បធម៌ប្រពៃណី ផូរផង់នៃកិច្ចសហការដ៏ល្អនេះ នឹងបន្តមានជានិច្ចនិរន្តរ៍សម្រាប់ប្រទេសយើងទាំងអស់គ្នា ដើម្បីរួមគ្នាកម្ចាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ចេញពីសង្គមជាតិ៕


-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣