Connect with us

ព័ត៌មាន

សន្និសីទ ICCOS-2026 នៅកម្ពុជាបញ្ចប់ដោយផ្លែផ្កា និងអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញ ១១ចំណុច

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៤ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្ដរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។

ការប្តេជ្ញាចិត្តទាំងនេះ គ្របដណ្តប់លើការសម្របសម្រួលក្នុងការអនុវត្តច្បាប់ ការកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុសច្បាប់ ការប្រមូលទ្រព្យសម្បត្តិត្រឡប់មកវិញ ការការពារជនរងគ្រោះ និងវិធានការនានា ដើម្បីលុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។

សេចក្តីប្រកាសទីក្រុងភ្នំពេញនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យជាផ្លែផ្កាដោយបានអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញដោយបានអំពាវនាវឱ្យមានការឆ្លើយតបថា្នក់ជាតិតំបន់ និងសាកលលោកដើម្បី៖

ទី១ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ទី២កាត់ផ្ដាច់ច្រវាក់ឧក្រិដ្ឋកម្ម, ទី៣ រារាំង និងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស, ទី៤ ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា, ទី៥ ពង្រឹងក្របខ័ណ្ឌ គោលនយោបាយច្បាប់ និងបទប្បញ្ញត្តិ ទី៦កសាងសមត្ថភាព និងភាពធន់ ទី៧ ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ទី៨ គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ ទី៩ អនុវត្តគោលការណ៍មិនផ្តន្ទាទោសចំពោះជនរងគ្រោះ ទី១០ ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និង ទី១១ លុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។

ក្នុងសន្និសីទនេះ រាជរដ្ឋាភិបាល កម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តទាំងនេះឱ្យទៅជាសកម្មភាពប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាពសម្រាប់ការការពារជនរងគ្រោះព្រមទាំងទប់ស្កាត់បណ្ដាញឆបោកមិនឱ្យកើតមានឡើងវិញឡើយ។

សូមជម្រាបថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026)នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣-២៤ ខែកញ្ញាឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានរាជរដ្ឋាភិបាលកម្ពុជា ជាម្ចាស់ផ្ទះ និងមានការសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង (LMLECC)។ សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមជាង៦០០នាក់ មកពី២៨ប្រទេស និង៧អង្គការអន្តរជាតិ។ សន្និសីទនេះ ក៏បានប្រព្រឹត្តទៅដោយមានការរៀបចំវេទិកាកម្រិតខ្ពស់ស្តីពី «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជាបញ្ហាបន្ទាន់ ក្នុងសាកលលោក» និងវេទិកាពិភាក្សាចំនួន៣ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអនុវត្តច្បាប់ បច្ចេកវិទ្យាការកាត់ផ្តាច់ហិរញ្ញវត្ថុ ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការការពារជនរងគ្រោះ។

នៅក្នុងកម្មវិធីបើកនៃសន្និសីទ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា «ទីតាំងឆបោកធំៗ ពុំមានទៀតឡើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ហើយប្រទេសកម្ពុជា «នឹងមិនក្លាយជាទីជម្រកសុវត្ថិភាព សម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ»។ សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនកើតចេញពីប្រទេសកម្ពុជា ហើយក៏មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាដែរ។ ចំណែកការយកការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាលេសក្នុងគោលបំណងឈ្លានពាន ឬកាន់កាប់ទឹកដីរបស់ប្រទេសផ្សេងទៀតនោះ «គឺជាការរំលោភបំពានទៅលើគោលការណ៍ នៃច្បាប់អន្ដរជាតិ»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia