Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីព័ត៌មានបញ្ជាក់ថាកម្ពុជាប្ដេជ្ញាកាត់ផ្តាច់ខ្សែច្រវាក់ Online Scams និងទប់ស្កាត់ការកកើតឡើងវិញ

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា កម្ពុជាមិនមែនគ្រាន់តែបិទទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកទាំងនេះ។ ការបញ្ជាក់នេះ ក្នុងសន្និសីទសារព័ត៌មាន នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា “គោលបំណងរបស់កម្ពុជាមិនមែនគ្រាន់តែបិតទីតាំងឆបោកនោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកទាំងនេះ។ ក្រោយការពិភាក្សារយៈពេល២ថ្ងៃនេះ សន្និសីទអន្តរជាតិបានយល់ឃើញរួមគ្នាថា សារសំខាន់និងមានភាពច្បាស់លាស់ គឺការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយទៅជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ទាំងក្នុងនាមឧក្រិដ្ឋកម្មឆ្លងដែន និងជាបញ្ហាប្រឈមផ្នែកអភិបាលកិច្ច។ គ្មានប្រទេស ស្ថាប័ន ឬក៏វិស័យណាមួយអាចដោះស្រាយបញ្ហាឆ្លងដែននេះតែឯងបានទេ”។ ដូច្នេះការឆ្លើយតបឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងសកម្មភាពរួមតម្រូវឲ្យមានការពង្រឹងសមត្ថភាពជាតិ និងពង្រឹងកិច្ចការសហប្រតិបត្តិការក្នុងតំបន់និងសកលលោក។

ឯកឧត្តម នេត្រ ភត្ត្រា បានបន្តថា នៅក្នុងសន្និសីទអន្តរជាតិតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ គឺប្រទេសដែលបានចូលរួមភាគច្រើនបានបង្ហាញការប្តេជ្ញាចិត្តទៅលើចំនួន ១១ចំណុច ការប្តេជ្ញាចិត្តទាំងនេះ ក្របដណ្តបទៅលើការសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ការកាត់ផ្តាច់ប្រភពចំណូលពីបទល្មើស ការការពារជនរងគ្រោះ និងវិធានការរុះរើមជ្ឈមណ្ឌលឆបោក ព្រមទាំងហេដ្ឋានរចនាសម្ព័ន្ធពាក់ព័ន្ធ។ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការបង្ហាញពីការប្តេជ្ញាចិត្ត និងការអនុវត្តច្បាប់ដោយគ្មានការលើកលែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន សេដ្ឋកិច្ច សន្តិសុខ និងសង្គម នៅក្នុងបណ្តាប្រទេសជាច្រើន។ កម្ពុជារៀបចំសន្និសីទនេះ ដើម្បីប្រមូលផ្តុំការប្តេជ្ញាចិត្ត បទពិសោធន៍ និងសមត្ថភាពរបស់បណ្តាប្រទេស អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុនិងក្រុមហ៊ុនបច្ចេកវិទ្យាឲ្យឈានទៅរកវិធានការរួមដែលអនុវត្តបានជាក់ស្តែង៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia