ព័ត៌មាន
គណៈប្រតិភូសភាកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការសភា និងពិភាក្សាការត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីកិច្ចការសង្គម និងវប្បធម៌ APA ឆ្នាំ២០២៧
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងឌូស្ហាន់បេ សាធារណរដ្ឋតាជីគីស្ថាន ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសភាតំបន់អាស៊ី (APA) និងរដ្ឋសភាតាជីគីស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំ APA អមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីកិច្ចការសង្គម និងវប្បធម៌។ សកម្មភាពទាំងនេះផ្តោតលើការពង្រឹងទំនាក់ទំនងសភា និងការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការនេះនៅឆ្នាំ២០២៧។
ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត Mohammad Reza Majidi អគ្គលេខាធិការ APA ឯកឧត្តមបណ្ឌិតបានស្វាគមន៍ការត្រៀមធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ហើយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីមូលបទ ខ្លឹមសារ និងការងាររៀបចំកិច្ចប្រជុំ ដោយផ្តោតលើការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ សាមគ្គីភាពអាស៊ី និងកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍ។ អគ្គលេខាធិការដ្ឋាន APA បានបង្ហាញការត្រៀមសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញការងារនេះឱ្យដំណើរការទៅមុខ។
បទពិសោធន៍របស់តាជីគីស្ថានក្នុងការរៀបចំកិច្ចប្រជុំឆ្នាំនេះ ក៏ជាចំណុចសំខាន់មួយក្នុងជំនួបរវាងឯកឧត្តម ងី ច័ន្ទ្រផល និងលោកជំទាវ Mavsuma Muini អនុប្រធានរដ្ឋសភាតាជីគីស្ថានផងដែរ។ ភាគីតាជីគីស្ថានបានបង្ហាញឆន្ទៈចែករំលែកបទពិសោធន៍ទាំងនេះជាមួយកម្ពុជា ខណៈភាគីទាំងពីរបានពិភាក្សាពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងសភា តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ បទពិសោធន៍នីតិកម្ម និងទំនាក់ទំនងរវាងគណៈកម្មការ។ លោកជំទាវក៏បានជម្រាបពីគម្រោងបង្កើតក្រុមមិត្តភាពសភាតាជីគីស្ថាន–កម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការសភា និងការត្រៀមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ ត្រូវបានឯកឧត្តម ងី ច័ន្ទ្រផល បញ្ជាក់ជាថ្មី នៅពេលត្រូវបានអញ្ជើញឱ្យមានមតិក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំ APA។ ឯកឧត្តមបានលើកឡើងពីបទពិសោធន៍របស់កម្ពុជាក្នុងការកសាងសន្តិភាព និងការផ្សះផ្សាជាតិ ព្រមទាំងសារៈសំខាន់នៃកិច្ចសន្ទនារវាងវប្បធម៌ និងសាសនា ក្នុងការកសាងទំនុកចិត្ត និងការយោគយល់គ្នា។ តំណាងព្រះរាជាណាចក្របារ៉ែន ដែលដឹកនាំកិច្ចប្រជុំក្នុងនាមប្រទេសកាន់តំណែងប្រធាន APA បានស្វាគមន៍ការប្រកាសត្រៀមខ្លួនរបស់កម្ពុជា និងបង្ហាញឆន្ទៈសហការសម្រាប់ការរៀបចំកិច្ចប្រជុំនាពេលខាងមុខ។







-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣