ព័ត៌មាន
សហជីព និងកម្មកររំពឹងផលវិជ្ជមានលើការចរចាប្រាក់ឈ្នួលអប្បបរមាជុំបន្ទាប់នៅថ្ងៃទី២៨កញ្ញាខាងមុខ
ដំណើរការចរចាកំណត់តួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ នឹងត្រូវបន្តធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រីភាគីជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ។ មុនឈានជើងចូលកិច្ចប្រជុំដ៏សំខាន់នេះ ភាគីសហជីព និងកម្មកររោងចក្រ បានបង្ហាញក្តីសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមាន ដើម្បីជួយសម្រាលបន្ទុកជីវភាពជាក់ស្តែង។

នៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយព័ត៌មាន ប៊ីធីវី លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានឱ្យដឹងថា ទោះបីជាកិច្ចប្រជុំមុនៗមិនទាន់សម្រេចបានលទ្ធផលរួម ប៉ុន្តែក្រុមសហជីពនៅតែបន្តប្រកាន់ជំហរការចរចាដោយផ្អែកទៅតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

លោកបានបន្តថា សម្រាប់កិច្ចប្រជុំចរចានាពេលខាងមុខនេះ ទោះបីជាភាគីនិយោជក នៅតែបន្តរក្សាជំហរលើតួលេខចាស់ដោយសំអាងលើបញ្ហាប្រកួតប្រជែងទីផ្សារយ៉ាងណាក្តី ប៉ុន្តែភាគីសហជីពបានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងអំណះអំណាងបច្ចេកទេស និងកត្តាជីវភាពជាក់ស្តែង ដើម្បីដេញដោល និងបញ្ចុះបញ្ចូលនៅក្នុងកិច្ចប្រជុំត្រីភាគីដ៏សំខាន់ខាងមុខ ក្នុងគោលបំណងស្វែងរកចំណុចរួមមួយ ដែលផ្តល់ផលចំណេញទាំងភាគីកម្មករ និងរក្សាបាននូវស្ថិរភាពវិនិយោគ។
ជុំវិញរឿងប្រាក់ឈ្នួលអប្បបរមានេះ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានចែករំលែកក្តីកង្វល់ស្រដៀងគ្នាថា ជុំវិញការកើនឡើងនៃតម្លៃទំនិញនៅលើទីផ្សារ ថ្លៃបន្ទប់ជួល និងការចំណាយបន្ទុកក្នុងគ្រួសារជាដើមដែលធ្វើឱ្យពួកគាត់សង្ឃឹមថា ភាគីនិយោជក និងរាជរដ្ឋាភិបាល នឹងពិចារណាដំឡើងប្រាក់ឈ្នួលក្នុងកម្រិតសមរម្យមួយ។
សូមជម្រាបថា គិតត្រឹមកិច្ចប្រជុំត្រីភាគី លើកទី៣ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូប សម្រាប់ឆ្នាំ២០២៧ ភាគីសហជីពតំណាងកម្មករនិយោជិតនៅតែបន្តរក្សាតួលេខស្នើសុំដំឡើងចន្លោះពី ២២៥,៣ដុល្លារ ទៅ ២៥០,៦៦ ដុល្លារអាម៉េរិក ដោយផ្អែកលើកត្តាជីវភាព អតិផរណា និងការកើនឡើងនៃតម្លៃទំនិញនៅលើទីផ្សារ។ ដោយឡែក ភាគីនិយោជក នៅតែបន្តរក្សាជំហរដដែលលើតួលេខ ២១០ដុល្លារអាម៉េរិក ក្រោមហេតុផលថា ដោយសារកន្លងទៅ តំណាងភាគីនិយោជក បានបន្ថែមប្រាក់ចំនួន ២,៥ដុល្លារ សម្រាប់ជួយសម្រួលបន្ទុកចំណាយ សោហ៊ុយធ្វើដំណើររួចហើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣