ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក ចៀសវាងចំណាកស្រុកខុសច្បាប់ប្រឈមគ្រោះថ្នាក់ និងការរើសអើង
(បាត់ដំបង/ប៉ៃលិន)៖ ដើម្បីបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម លី សុធា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ នៅបរិវេណសាលាក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” មន្រ្តីជាន់ខ្ពស់ទាំងពីររូប បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ឱកាសការងារ ដែលមានក្រសួងការងារជាសេនាធិការ។ ជាក់ស្តែង បច្ចុប្បន្ន មានឱកាសការងារ “ក្នុងស្រុក” ជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយ “ភាពថ្លៃថ្នូរ ជាជាតិសាសន៍តែមួយ” នៅក្នុងស្រុក។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ការនាំយកការងារដល់មូលដ្ឋាននេះក៏ផ្តល់ជូននូវអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន និងរស់នៅជួបជុំគ្រួសារ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកដោយខុសច្បាប់ ប្រឈមនឹងហានិភ័យសុវត្ថិភាព កេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងនៅឆ្ងាយពីគ្រួសារ។
ក្រៅពីនេះ បងប្អូន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនតាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសប្រចាំខេត្តនីមួយៗ។ ក្រោយពេលរៀនចប់ បងប្អូនអាចរកការងារធ្វើកាន់តែប្រសើរ ឬបើកមុខរបរដោយខ្លួនឯងបានផងដែរ។ ទន្ទឹមនេះ អតីតពលករដែលមានជំនាញផ្នែកសំណង់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ ដែលអាចជួយឱ្យបងប្អូនទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។
ជាមួយនឹងការងារក្នុងស្រុក ក្រសួងក៏ផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។ បងប្អូនប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
សូមបញ្ជាក់ថា ឱកាសការងារទាំងជាង ៤ពាន់កន្លែងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក, ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ (MONGKOL HR) ជាដើម៕














-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ