Connect with us

ព័ត៌មាន

អ្នកនយោបាយ៖ សន្និសីទ ICCOS បង្ហាញថាកម្ពុជាបើកចិត្តសហការជាមួយអន្តរជាតិកម្ទេច Online Scams

អ្នកនយោបាយបានលើកឡើងថា សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានបិទបញ្ចប់ទៅដោយភាពជោគជ័យ គឺបាន​បង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ឃើញ​កាន់តែច្បាស់ពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការប្តេជ្ញាចិត្តបោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិ​ទ្យាឲ្យដល់ឫសគល់។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរបានថ្លែងថា សន្និសីទអន្តរជាតិ ICCOS-2026 ដែល​បាន​បិទ​បញ្ចប់​ទៅដោយភាពជោគជ័យ គឺបណ្តាប្រទេសជាង ២០ដែលបាន​ចូល​រួម​បាន​បង្ហាញ​ពី​ការ​រួម​សហការ​គ្នាជាមួយកម្ពុជាក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនេះ​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាលដោយគ្មានការលាក់លៀមនៅក្នុងយុទ្ធនាការបង្ក្រាប Online Scams និង​បាន​បើកទូលាយននៅក្នុងការសហការជាមួយអន្តរជាតិជាទ្រងទ្រាយធំក្នុងការប្រយុទ្ធប្រឆាំង Online Scams។ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនៅវិធានការបោសសម្អាតOnline Scams និង​ដោយគ្មានការលើកឡើង។

ឯកឧត្តម ហ៊ាង គឹមស្រឿន បានបញ្ជាក់ថា “សន្និសីទអន្តរជាតិ ICCOS ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បី​រួមគ្នាជាមួយអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះ​គឺ​ជា​ឆន្ទៈ​រប​ស់រាជរដ្ឋាភិបាលដោយគ្មានការលាក់លៀមនៅក្នុងយុទ្ធនាការបង្ក្រាប Online Scams។ ហើយ​ជា​អាជ្ញាធរ​ក្នុង​រដ្ឋ​មួយ​យើង​បើក​ទូលាយ​នៅ​ក្នុង​ការ​សហការ​ជាមួយ​អន្តរជាតិ​រួម​ដៃ​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើឆបោក Online Scams។ អ្វីដែលជាយន្ត​ការ​នៃ​ការ​អនុវត្ត​ទៅ​លើ​នីតិ​វិធី​នៅ​ក្នុង​ការ​បោសសម្អាត គឺជាឫសគល់​មួយ​ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ធិបតី​បាន​ដាក់​វិធា​នការ​បោសសម្អាតឲ្យដល់ឫសគល់នៅកម្ពុជា”។

ចំណែកឯកឧត្តម កាន់ វីរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋបានថ្លែងថា ជាមោទន​ភាព​ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ICCOS ដែលនេះបានបង្ហាញថា សហ​គមន៍​អន្តរជាតិ​បាន​ផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់សម្រាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ដោយ​ក្នុងនោះកម្ពុជាបានបង្ក្រាបក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធ Online Scams។ សន្និសីទ​អន្តរជាតិ ICCOS ក៏បានចេញសេចក្តីថ្លែងការណ៍រួមចំនួន ១១ចំណុចផងដែរ ដោយ​ក្នុង​នោះ​មាន​ចំណុច​មួយ​ចំនួនកម្ពុជាបានធ្វើរួចទៅហើយ និងបានបង្ក្រាបជាច្រើនករណី។

ឯកឧត្តមបានបញ្ជាក់ថា “សហគមន៍អន្តរជាតិ​បាន​ផ្តល់​តម្លៃ​ដ៏​ខ្ពង់​ខ្ពស់ និង​ជ្រាល​ជ្រៅ​ណាស់​សម្រាប់​កម្ពុជាដែលកម្ពុជាបានចូលរួមបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​បាន​ធ្វើ​សកម្ម​ភាព​យ៉ាងខ្លាំងក្នុងការបង្ក្រាបឧក្រិដ្ឋជនដែលពាក់ព័ន្ធ Online Scams។ ពាក់ព័ន្ធ​ការ​ចេញ​សេចក្តី​ថ្លែងកា​រណ៍រួមចំនួន ១១ចំណុច គឺមានចំណុចមួយចំ​នួន​កម្ពុជា​បាន​ធ្វើ​រួច​ទៅ​ហើយ​ដូច​ជាកា​រ​កា​ត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម ការរារាំងនិងប្រមូលត្រឡប់មកវិញនៅផលនៃបទល្មើស ការ​លុប​បំបាត់​ទីតាំងឆបោក និងបណ្តាញបាក់ព័ន្ធ។”

គួរបញ្ជាក់ថា បណ្តាប្រទេសនិងអង្គការអន្តរជាតិធំៗ ដែលបានចូលចូលរួមក្នុងសន្និសីទអន្តរជាតិ ICCOS ទទួលស្គាល់ថា​ការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា​គឺ​ជា​ទម្រង់​មួយ​នៃ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ដែល​មាន​អង្គ​ការចាត់តាំងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងធ្វើឱ្យបាត់បង់​ប្រាក់​កាស​យ៉ាង​ច្រើន​ បង្កើតបានជាផលនៃបទល្មើស និងសម្រួលឱ្យមានការសម្អាតប្រាក់ តាមរយៈ​ការ​កេង​ចំ​ណេញលើស្ថាប័នហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ប្រាក់ ទ្រព្យសកម្មនិម្មិត និងបណ្តាញផ្សេងទៀត ដើម្បី​ផ្លាស់​ទី លាក់បាំង និងសម្អាតផលនៃ បទល្មើស កេងចំណេញលើជនរងគ្រោះ រួមបញ្ចូល​ការ​ជួញ​ដូរម​នុស្ស​ដើម្បីបង្ខំឱ្យប្រព្រឹត្តឧក្រិដ្ឋកម្ម បំផ្លាញទំនុកចិត្តសាធារណៈ ប្រើប្រាស់ដោយ​ខុស​គោល​ដៅ​នូវ​បច្ចេកវិទ្យាថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធ និងគំរាមកំហែងដល់សន្តិសុខ និងការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​ តំបន់ និងសកលលោក៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia