ព័ត៌មាន
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
ស្របពេលដែលរដូវភ្លៀងបន្តធ្លាក់ តំបន់ងាយរងគ្រោះដោយការជន់លិចមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាននោះ បន្តការគិតគូរយកចិត្តទុកដាក់ ក្នុងការស្តារប្រព័ន្ធបង្ហូរទឹកឲ្យបានស្អាតល្អ ដើម្បីសម្រួលដល់លំហូរទឹកអាចហូរទាន់ពេលវេលា កាត់ផ្តាច់ពីការជន់លិច ក្នុងរយៈពេលយូរដោយអន្លើរៗ ។
លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា ៖ កិច្ចការងារនេះ ធ្វើជោគជ័យទៅបាន ទាមទារឲ្យមានការចូលរួមសហការពីគ្រប់មជ្ឈដ្ឋាន ពិសេសពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានតែម្តង ព្រោះមិនអាចរំពឹងតែទៅលើអាជ្ញាធរតែឯកឯង អាចធ្វើឲ្យកិច្ចការងារកាយស្តារ និងរំដោះការជន់លិចនេះបានជោគជ័យនោះឡើយ ។

លោកអភិបាលរងបន្ថែមថា ៖ ក្រោមការយកចិត្តទុកដាក់ចង្អុលបង្ហាញដឹកនាំ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកសក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្ននេះ ប្រឡាយមេធំៗ ត្រូវបានកាយ និងស្តារ ដើម្បីធានាការរំដោះទឹកបានច្រើនហើយ ក៏ប៉ុន្តែអណ្តូងលូឆ្អឹងជំនីតូចៗ នៅតាមមុខលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនេះ វាក៏ជាផ្នែកសំខាន់មួយ ដែលមិនអាចមើលរំលងឡើយ បើមិនដូច្នោះទេ បញ្ហាជន់លិចអាចនឹងកើតមានឡើងបានគ្រប់ពេល ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ អាជ្ញាធរខណ្ឌ ដែលដឹកនាំដោយរូបលោកផ្ទាល់ បានបន្តចុះស្តារអណ្តូងលូឆ្អឹងជំនី នៅផ្លូវបេតុងមួយកន្លែង ស្ថិតនៅខាងក្រោយវត្តអង្គតាមិញ កែងផ្លូវលេខ២០០៤ ដោយបានរកឃើញថា អណ្តូងលូ មានការកកស្ទះដោយកម្ទេចកម្ទី កាកសំណល់សល់ពីការប្រើប្រាស់របស់បងប្អូនពលរដ្ឋ និងម្ចាស់អាជីវកម្មនៅក្បែរតំបន់នោះ ដោយអាជ្ញាធរមានវិធានការភ្លាម ក្នុងការប្រើរថយន្ត និងកម្លាំងមនុស្សចុះកាយ និងស្តារ ដើម្បីឲ្យចរន្តទឹកអាចហូរឡើងវិញជាធម្មតា ។

ទន្ទឹមនឹងនោះដែរ អាជ្ញាធរក៏បានធ្វើកំណត់ហេតុជាលាយល័កអក្សរជាមួយពលរដ្ឋជាម្ចាស់អាជីវកម្ម និងអ្នកដែល បញ្ចេញកាកសំណល់ចូលទៅក្នុងប្រព័ន្ធបង្ហូរទឹកឲ្យបញ្ឈប់សកម្មភាព និងចូលរួមជាមួយការទុកដាក់សំរាម ក៏ដូចជារកវិធីបញ្ចេញកាកសំណល់ពីរបររកស៊ីរបស់ខ្លួនឲ្យបានត្រឹមត្រូវ ។ ក្នុងករណីមិនចូលរួម ហើយល្មើសនឹងកិច្ចសន្យាណែនាំ រដ្ឋបាលខណ្ឌនឹងអនុវត្តតាមនីតិវិធីរដ្ឋបាល ឬនីតិវិធីច្បាប់ជាធរមាន ។
ពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើនេះ ក៏បានសម្តែងក្តីពេញចិត្ត និងរីករាយចំពោះការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរ ក្នុងគោលបំណងបញ្ចៀសការជន់លិចក្នុងតំបន់ និងបន្តសហការជាមួយថែទាំសំរាម និងកាកសំណល់សល់ពីការប្រើប្រាស់ ឲ្យបានត្រឹមត្រូវល្អ ផងដែរ ។
គួរជម្រាបថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានទៅបញ្ចប់បញ្ហាទឹកជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរយៈពេល ០៥ឆ្នាំ ពោលត្រឹមឆ្នាំ២០២៨ខាងមុខ ៕ លីហេង







-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣