ព័ត៌មាន
ទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកជំទាវបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នូវែលសេឡង់-កម្ពុជា។
លោកជំទាវបានគូសបញ្ជាក់ថា នូវែលសេឡង់ និងកម្ពុជា គឺជាប្រទេសជាមិត្ត និងជាដៃគូរដ៏យូរលង់ ហើយនូវែលសេឡង់មានមោទនភាពចំពោះការចូលរួមចំណែកគាំទ្រដល់ដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យសំខាន់ៗ រួមមាន៖ ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការគ្រប់គ្រងធនធានទឹក, ការប្រែប្រួលអាកាសធាតុ, បរិស្ថាន, កសិកម្ម, ការលើកកម្ពស់ស្ត្រី និងយុវជន, និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់។ បន្ថែមពីនេះ, លោកជំទាវបានទទួលស្គាល់តួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងតំបន់ ព្រមទាំងថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រទៅដល់ការដំឡើងកម្រិតទំនាក់ទំនង នូវែលសេឡង់-អាស៊ាន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ លោកជំទាវបានសង្កត់ធ្ងន់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ, លោកជំទាវនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នូវែលសេឡង់-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំកម្ពុជា និង បានបង្ហាញនូវជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ ជាមួយនឹងការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ, សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ។ សម្ដេចធិបតីក៏បានសម្ដែងនូវការអរគុណចំពោះការរួមចំណែករបស់ប្រទេសនូវែលសេឡង់ ក្នុងការដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់ និងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាកងកម្លាំងរក្សាសន្តិភាពសម្រាប់បេសកកម្មមនុស្សធម៌ និងរក្សាសន្តិភាពអន្តរជាតិក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ជាដើម។
សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនលើវិស័យសំខាន់ៗ ប្រកបដោយសក្តានុពល រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្ទេរបច្ចេកវិទ្យាថ្មី, ថាមពលកកើតឡើងវិញ, ទេសចរណ៍, ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ, ក៏ដូចជាការតភ្ជាប់ប្រជាជន និងប្រជាជន។
មុននឹងបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូតបន្តកិច្ចសហការ និងភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និទ្ធ ជាមួយក្រសួងស្ថាប័នកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត៕





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង