Connect with us

ព័ត៌មាន

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបើកកិច្ចប្រជុំ លើកទី៤ កំណត់​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២៧​ ខណៈបើមិនទទួលបានការឯកភាពរួមទេតួលេខនឹងឈានទៅការ​បោះឆ្នោត​សម្រេច​ចុង​ក្រោយ

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បន្ត​បើក​កិច្ច​ប្រជុំត្រីភាគីជាលើកទី៤ ដើម្បីពិភាក្សាគ្នាកំណត់ប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ សម្រាប់​ឆ្នាំ២០២៧។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

កិច្ចប្រជុំដ៏មានសារៈនៅព្រឹកនេះ មានការចូលរួមពីភាគីទាំងបី គឺតំណាងរាជរដ្ឋាភិបាល. ភាគី​សហជីព​តំណាងកម្មករនិយោជិត, និងភាគីនិយោជក ដោយបន្តលើកយក​លក្ខណ​វិនិច្ឆ័យ​បែប​សង្គម និងសេដ្ឋកិច្ចទាំង៧​ មកជជែកដេញដោលយ៉ាងលម្អិត បន្ទាប់ពីកិច្ចប្រជុំលើកទី៣ មិន​ទាន់​ស្វែង​រក​ឃើញសំឡេងឯកភាពរួម។

ជុំវិញបញ្ហាការចរចាប្រាក់ឈ្នួលអប្បបរមារនេះ ភាគីរាជរដ្ឋាភិបាលដែលដឹកនាំដោយ ឯកឧត្តម​រដ្ឋមន្រ្តី ហេង សួរ កំពុងខិតខំសម្របសម្រួល ផ្តល់ការពន្យល់ និងអំណះអំណាង​បច្ចេកទេស​ក្នុង​គោល​បំណងស្វែងរកចំណុចរួមមួយដែលអាចទទួលយកបានពីគ្រប់ភាគីទាំងអស់។

សូមជម្រាបថា គិតចាប់ពីដំណើការកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ តាំង​ពី​ថ្ងៃ​ទី​១ ខែកញ្ញា រហូតមកដល់ពេលនេះ កិច្ចប្រជុំកំពុង​តែ​ឈាន​ចូល​ដល់​ដំណាក់​កាល​ហ្មត់​ចត់​បំផុត ដើម្បីឈានទៅសម្រេច​បានតួលេខប្រាក់ឈ្នួលរួមមួយ ខណៈភាគី​សហជីព​តំណាង​ឱ្យ​កម្មករ​និយោជិត​នៅ​តែប​ន្ត​បង្ហាញ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំថា​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​បន្ថែម​ទៀត​។ ​ហើយបើមិនទួលបាន​លទ្ធផល​រួមមួយក្នុងកិច្ចប្រជុំថ្ងៃនេះទេ ការកំណត់​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់ឆ្នាំ២០២៧នឹងសម្រេច​តាមរយៈការ​បោះឆ្នោតកំណត់តួលេខនៅថ្ងៃទី៣០ ខែ​កញ្ញានេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាត្រីភាគី លើកទី៣ កាលពី​រសៀល​ថ្ងៃ​ទី​១៨​ ខែកញ្ញាកន្លងទៅ តំណាងកម្មករនិយោជិត បានស្នើនូវ​តួ​លេខ​កំណើន​របស់​ខ្លួន​ពីរ​ផ្សេង​ៗគ្នា​ ដែលសហជីពភាគច្រើនស្នើតួលេខកំណើន ១៥,៣​ ដុល្លារ និងមួយចំនួន​ទៀត​ស្នើ​តួ​លេខ​កំណើន ​៤០,៦ដុល្លារ លើតួលេខបច្ចុប្បន្ន ខណៈតំណាងភាគីនិយោជក បានស្នើ​រក្សា​តួលេខ​នៅ​ដដែល គឺចំនួន ២១០ដុល្លារ ក្រោមហេតុផលថា កន្លងទៅនេះនិយោជកបានបន្ថែមប្រាក់ចំនួន ២,៥​ដុល្លារ សម្រាប់ជួយសម្រួលបន្ទុកចំណាយ សោហ៊ុយធ្វើដំណើរដល់កម្មកររួចហើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia