Connect with us

ព័ត៌មាន

ម្ចាស់អាជីវកម្មក្នុងវិស័យដឹកជញ្ជូន ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកដៃគូអាជីវកម្ម ដើម្បីពង្រីក​វឌ្ឍនភាព​ដឹកជញ្ជូន

ម្ចាស់អាជីវកម្មក្នុងវិស័យដឹកជញ្ជូន ជួបជុំផ្លាស់ប្តូរបទពិសោធន៍ និងការស្វែងរកដៃគូអាជីវកម្ម ជា​ពិសេស​ពង្រីង និងពង្រីកវឌ្ឍន- ភាពលើការដឹកជញ្ជូន និងឡូជីស្ទិក នៅក្នុងវិបត្តិ​កំពុង​ប្រឈម​បញ្ហាថ្លៃ​ប្រេងឥន្ធនៈ និងឧស្ម័ន ដើម្បីជំរុញការធ្វើអាជីវកម្មឱ្យប្រព្រឹត្ត ទៅដោយរលូន ខណៈ​វិស័យ​នេះបានដើរតួយ៉ាងសំខាន់ចូលរួមជំរុញកំណើនសេដ្ឋកិច្ច។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងាជើងសានៅកម្ពុជា លើកឡើងនៅក្នុង ជំនួបម្ចាស់អាជីវកម្ម សហគ្រាស នាំចេញ នាំចូល ឡូជីស្ទិក និងដឹកជញ្ជូនលើកទី៩ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថា ជុំវិញវិស័យ ដឹកជញ្ជូននេះ សម្រាប់កម្ពុជាបានចាប់ផ្តើមងើបឡើងវិញតាំងពីចុងឆ្នាំ២០២៣ គាំទ្រដោយកំណើននៃការស្រូបយកវិនិយោគិនមក បណ្តាក់ទុនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឆ្នាំ២០២៤ និងនៅដើមឆ្នាំ២០២៥ ជាដើម ដែលបង្ហាញឱ្យឃើញថា កម្ពុជានៅតែបន្ត ស្រូបយកសក្តានុពលវិនិយោគឥតឈប់ឈរ ស្របតាមការរីកចម្រើនសេដ្ឋកិច្ចក្នុងស្រុក ។

លោក បន្តថា ចំណែកចាប់ពីដើមឆ្នាំ២០២៦ មកដល់ពេលនេះ វិស័យដឹកជញ្ជូនបានជួបបញ្ហាប្រឈម អំពីការឡើងថ្លៃប្រេង ឥន្ធនៈ និងឧស្ម័ន តែទោះបីយ៉ាងណាសកម្មភាពនៃដឹកជញ្ជូន បានដំណើរការជាធម្មតាបម្រើដល់ចលនាសេដ្ឋកិច្ច ដោយគ្មានការរអាក់ អរអួល ឬផ្អាកអាជីវកម្មដោយអន្លើណាមួយនោះឡើយ។ លោក បន្ថែមថា ចំពោះជំនួបម្ចាស់អាជីវកម្មលើវិស័យដឹកជញ្ជូននាពេលនេះ គឺជាការជួបជុំផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែម ក៏ដូចជាការស្វែងរកដៃគូអាជីវកម្ម ដើម្បីជំរុញការធ្វើអាជីវកម្មក្នុងវិស័យ ដឹកជញ្ជូនឱ្យប្រព្រឹត្តទៅដោយរលូន នៅក្នុងវិបត្តិដែលកំពុងកើតមានឡើង ខណៈវិស័យនេះបានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួម ជំរុញកំណើនសេដ្ឋកិច្ច។

លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងាជើងសានៅកម្ពុជា តាមរយៈការតភ្ជាប់បណ្តាញធុរកិច្ច ដើម្បីបង្កើតកិច្ច សហការរវាងម្ចាស់អាជីវកម្មនាំចេញ-នាំចូល និងក្រុមហ៊ុនដឹកជញ្ជូន ការពង្រឹងសមត្ថភាព និងការស្វែងរកទីផ្សារដៃគូអាជីវកម្មជាដើម ក្នុងគោលដៅជំរុញពង្រីកវិសាលភាពរបស់ខ្លួនឱ្យមានតម្លាភាព និងប្រកបដោយនិរន្តរភាព។

លោក បានលើកឡើងបន្ថែមថា ចំពោះវិស័យភស្តុភារកម្មមិនអាចសម្រេចបានតែស្ថាប័នណាមួយឡើយ ដោយវិស័យនេះទាម ទារឱ្យមានការសហការ និងការទទួលខុសត្រូវនៅគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះចំពោះរដ្ឋបាលគយ មានតួនាទីសំខាន់ក្នុងការជួយសម្រប សម្រួល ក្នុងបំពេញបែបបទឆ្លងកាត់ព្រំដែន និងជួយសម្របសម្រួលការងារផ្សេងៗទៀត ពាក់ព័ន្ធការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជា ដើម។ លោក បន្តថា បញ្ហានេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មានទំនាក់ទំនងជាមួយរដ្ឋបាលគយប្រទេសដៃគូ ដើម្បីជួយ ដោះស្រាយ ប្រសិនវិស័យឯកជនមានបញ្ហាអ្វីមួយនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia