Connect with us

ព័ត៌មាន

ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយអាជ្ញាធរកូរ៉េ និងស្នើឲ្យជំរុញវិស័យឯកជនទៅទស្សនកិច្ច និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Choi Jae-young ប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេក នៅទីស្នាក់ការក្រុមប្រឹក្សាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាស នៃជំនួប ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនលោក Choi អំពីស្ថានភាពរស់នៅរបស់បងប្អូនសហគមន៍ខ្មែរ ក្នុងតំបន់ផ្យង់ថេក ហើយសម្លឹងឃើញពីល្បឿន នៃការអភិវឌ្ឍរបស់ក្រុងផ្យង់ថេក និងបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ ពាណិជ្ជកម្ម និងអប់រំ រវាងស្ថាប័នរដ្ឋ និងឯកជននៃក្រុង-ខេត្ត របស់កម្ពុជា និងទីក្រុងផ្យង់ថេក ។

ជាមួយនេះ ឯកឧត្តម ក៏បានស្នើ ប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេក ពិនិត្យលទ្ធភាពដឹកនាំក្រុមហ៊ុនកូរ៉េរបស់ក្រុងផ្យង់ថេក ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យក្រុមហ៊ុន នៃប្រទេសទាំងពីរចាប់ដៃគូអាជីវកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្ម ជាមួយគ្នា។

លោក Choi បានជម្រាបឯកឧត្តមអគ្គរាជទូតថា ប្រទេសកម្ពុជា និងកូរ៉េ មានលក្ខណៈ ស្រដៀងគ្នា ដែលអាចបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកបាន ដោយលោកបានបញ្ជាក់ថា ទីក្រុងផ្យង់ថេក ជាទីក្រុងដែលមានសេដ្ឋកិច្ចធ្លាប់ពឹងផ្អែកលើវិស័យកសិកម្ម ប៉ុន្តែឥឡូវទីក្រុងនេះ បានផ្លាស់ប្តូរមកជាទីក្រុងឧស្សាហកម្មវិញ ដែលការណ៍នេះ បានធ្វើឱ្យសេដ្ឋកិច្ច នៃក្រុងផ្យង់ថេក មានការរីកចំរើនគួរឱ្យកត់សម្គាល់ ។

លោកបានបន្តថា ក្នុងអាណត្តិរបស់លោក នឹងព្យាយាមជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច វប្បធម៌ និងអប់រំ ដើម្បីបង្កើតបាននូវការអភិវឌ្ឍរួមរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia