Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១កម្ពុជា អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធញាតិការ ដែលបានចែកឋានទៅកាន់លោកខាងមុខ។

សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី៤នេះ ប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលនៅវេលារសៀល ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីបានថ្វាយកម្រងផ្កា និងគ្រឿងសក្ការៈបូជា។ បន្ទាប់មកមានការនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ដោយសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ចៅអធិការវត្តឧណ្ណាលោម រួចហើយមានការឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ។

កម្មវិធីថ្ងៃទី២ ត្រូវនឹងថ្ងៃពុទ្ធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅម៉ោង៤កន្លះព្រឹក មានបោះបាយបិណ្ឌ ហើយនៅវេលាម៉ោង៦ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃចំនួន៣៣៥អង្គ។ នៅម៉ោង៨ និង៣០នាទីព្រឹក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសហការីអញ្ជើញដល់ រៀបចំពិធីនមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រព្រះសង្ឃ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លងជាកិច្ចបញ្ចប់ពិធីបុណ្យ។

កម្មវិធីបុណ្យកាន់បិណ្ឌវេនទី៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងប្រគេនទេយ្យទានដ៏ថ្លៃថ្លា ដែលជាគ្រឿងឧបភោគបរិភោគមួយចំនួនចំពោះព្រះអង្គដែលគង់ចាំព្រះវស្សាក្នុងវត្តឧណ្ណាលោមផងដែរ ។

គួរបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត នៃព្រះរាជពិធីទា្វរទសមាស ដែលប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀងមក តែងតែប្រារព្ធធ្វើមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មានរយៈពេល១៥ថៃ្ង ដែលហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូន កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសបុណ្យកុសលដល់ញាតិការ ដែលបានចែកឋាន និងក៏ជាបុណ្យកុសលសម្រាប់ខ្លួនឯងដែលបានសាងអំពើល្អ៕

អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia