Connect with us

ព័ត៌មាន

សម្តេច ម៉ែន សំអន អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ

‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ នៅវត្តសារាវ័ន្តតេជោ រាជធានីភ្នំពេញនាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

‎ជារៀងរាល់ឆ្នាំ វេនកាន់បិណ្ឌទី៤ នេះ ជាវេនកាន់‎បិណ្ឌរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ។ កាលពីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងពិធីសូត្រមន្ត សម្តេចកិត្តិសង្គហបណ្ឌិតបានចាត់ចំណាងចូលរួមមាន÷ លោកជំទាវ ម៉ែន សំអុីន និងឯកឧត្តម នួន បូរ៉ា លោកជំទាវ ម៉ែន សំអូន និងឯកឧត្តម សៅ សារ៉េន លោកជំទាវ ឃួន មុំ និងឯកឧត្តម ឡោ ប៊ុនហុយ ព្រមទាំងក្រុមគ្រួសារសាញាតិ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករប្រកបដោយសទ្ធាជ្រះថ្លា។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា មានពិធីថ្វាយបង្គំនមសក្ការ ព្រះរតន:ត្រៃ សមាទានសីល និមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត្ត និងការសម្តែងធម៌ទេសនា។

‎ចំណែកឯថ្ងៃនេះ វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ រួមនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកចង្ហាន់បិណ្ឌបាត្រ មានបាយសម្លរ នំចំណី រាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសបង្សុកូល​ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង​៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងវេរភត្តហារ​ប្រគេន​ព្រះសង្ឃជា​កិច្ចបង្ហើយបុណ្យ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia