Connect with us

ព័ត៌មាន

គ.ជ.ប នឹងរៀបចំសម្រួលដល់ពលរដ្ឋភៀសសឹក ​សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំ​សម្រួល​ដល់​ពលរដ្ឋ​ភៀស​សឹក​មិន​ទា​​​ន់​​​​​អា​​ចវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ​២០២៦ ក្នុងទីតាំ​​ង​​ឃុំ​​/សង្កាត់ ដែលពលរដ្ឋភៀសសឹកទាំងនោះកំពុងស្នាក់នៅបណ្តោះអាសន្ន។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣​​០​​ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់BTVឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ន ជន​ភៀស​សឹក​របស់​កម្ពុជា​មា​​នចំនួនជាង២ម៉ឺននាក់ទៀត នៅមិនទាន់បាន​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ខ្លួន​វិញ​នៅ​ឡើយ​ទេ ហើ​​យ​​ផ្អែ​​​​កតាមរបាយការណ៍បឋមពីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត នៃ​ខេត្ត​ជាប់​ព្រំដែន បានបង្ហាញថា ក្នុ​​ង​​ចំ​​​ណោមជនភៀសសឹកនេះ មានប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង មានចំនួនជាង១ម៉ឺន៣ពាន់នាក់ និងអ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន​ជាង​១​ម៉ឺននាក់។

ឯកឧត្តមបន្តថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋភៀសសឹក លេខាធិការ​ដ្ឋាន​រៀប​ចំ​ការ​បោះ​​​ឆ្នោតខេត្តជាប់ព្រំដែន បានរៀបចំទីតាំងពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២៦ នៅតាមឃុំ/សង្កាត់ ដែលពលរដ្ឋភៀសសឹកទាំងនោះកំពុងស្នាក់នៅ​ជាក់​ស្តែង​ដូច​ជា​ភូមិ​រង់​ចាំ​ជា​ដើម។ ម្យ៉ាងវិញ​​ទៀតប្រសិនពលរដ្ឋភៀសសឹកទាំងនោះ ក៏អាចធ្វើការ​សម្រេច​ដោយ​ខ្លួន​ឯង​ទៅ​ចុះឈ្មោះបោះឆ្នោតនៅទីតាំងឃុំ/សង្កាត់ចាស់ដែលពួកគាត់ធ្លាប់រស់នៅ។

គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមឃុំ/សង្កាត់ ទូទាំង​ប្រទេស​កម្ពុ​​​​​ជា មានរយៈពេល៥៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ​២០២៦។

បើតាមការប៉ាន់ស្មានរបស់ គ.ជ.ប នៅឆ្នាំ២០២៦ ប្រជាពលរដ្ឋអាចមកចុះឈ្មោបោះឆ្នោតសរុបចំនួនជាង៤សែននាក់ និងចំនួនអ្នកត្រូវមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សរុបមានជាង៤លាននាក់។ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia