Connect with us

ព័ត៌មាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា

កណ្តាល៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ និងបុត្រា បុត្រី ចៅប្រុសស្រី ព្រមទាំង ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជំនួយការ លោក លោកស្រី នៃខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២រដ្ឋសភា និងពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិត​នៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន វីរជនស្នេហាជាតិ ញាតកាទាំង៧សណ្តាន ពិសេសវីរកងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដី ជាដើម។

សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងឯកឧត្តម វង សូត និងលោកជំទាវ បានអញ្ជើញបដិបត្ដិព្រះធម៌ សូត្រមន្ដ​នមស្ការ​ចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្ដាន និងជូនចំពោះវិញ្ញាណក្ខន្ធ​បុព្វបុរស​អ្នក​ស្នេហាជាតិ ដែលបានពលីអាយុជីវិតដើម្បីជាតិមាតុភូមិ។

ក្នុងពិធីកាន់បិណ្ឌទី៤នេះដែរ សម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ឯកឧត្តម វង សូត និង​លោក​ជំទាវ បានប្រគេននូវទេយ្យទាន ទេយ្យវត្ថុ រួមមាន៖អង្ករចំនួន១តោន ទឹកបរិសុទ្ធ​១០កេស ទឹកក្រូច១០កេស មីជាតិ២កេសធំ ត្រីខ២កេសធំ ទឹកដោះគោខាប់២កេសធំ ស្កសរ​២បាវ ប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្ត​សាដក១ និងបច្ច័យ១លានរៀល ព្រះសង្ឃទាំង៨អង្គ ក្នុង១អង្គ សាដក១ និងបច្ច័យ ១០ម៉ឺនរៀល និងប្រគេនបច្ច័យបួនដល់ព្រះសង្ឃ ២១១ អង្គ ក្នុង១អង្គ បច្ច័យ ២ម៉ឺនរៀល លោកតាគណៈកម្មការវត្ត១៥នាក់ ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល និងចូលបច្ច័យកាន់​បិណ្ឌវេនទី៤​ចំនួន​ ២០លានរៀល។

ពិធីកាន់បិណ្ឌ ជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗ​ទៀតដែលប្រជាពលរដ្ឋ​ខ្មែរ​តែង​​គោរព​ប្រណិប័តន៍ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជនដែលបាន​ចែកឋាន​ទៅលោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ (ដែលជាថ្ងៃបញ្ចប់ និងហៅថា បុណ្យភ្ជុំបិណ្ឌ) ប្រជាពលរដ្ឋខ្មែរគ្រប់រូបតែងឆ្លៀតពេលនាំយកចង្ហាន់ ម្ហូបអាហារ ផ្លែឈើ នំចំណី និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃគង់នៅតាមវត្តអារាមនានា។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia