Connect with us

ព័ត៌មាន

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ៖ សម្តេចធិបតី តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោល

កំពង់ចាម៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រគល់ជូនជនមានពិការភាពចំនួន ១៣១គ្រួសារ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការគិតគូរ និងយកចិត្តទុកដាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសជនមានពិការភាព គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកនរណាម្នាក់ចោល។

ឯកឧត្តមបានគូសបញ្ជាក់ថា ចិត្តសប្បុរស និងក្តីមេត្តាធម៌ គឺជាមូលដ្ឋានសំខាន់នៃសង្គមមនុស្សធម៌ ដែលជំរុញឱ្យមានការជួយគ្នា ចែករំលែក និងលើកទឹកចិត្តគ្នា ជាពិសេសចំពោះជនមានពិការភាព គ្រួសារខ្វះខាត និងក្រុមដែលងាយរងគ្រោះ។

ឯកឧត្តមបានបន្ថែមថា ការអភិវឌ្ឍមិនអាចវាស់តែតាមកំណើនសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ត្រូវផ្តោតលើសុខុមាលភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។ ក្នុងន័យនេះ ការចូលរួមរបស់គ្រប់ភាគី ជាពិសេសវិស័យឯកជន តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គម គឺជាកម្លាំងបំពេញបន្ថែមដ៏សំខាន់ក្នុងការគាំទ្រសហគមន៍ និងប្រជាពលរដ្ឋដែលមានតម្រូវការ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យបន្តលើកកម្ពស់ស្មារតី «ចេះជួយគ្នា ចេះចែករំលែក និងមិនទុកនរណាម្នាក់ឱ្យនៅឯកា» ព្រោះការយកចិត្តទុកដាក់ ទោះតិចឬច្រើន ក៏អាចក្លាយជាកម្លាំងចិត្ត និងក្តីសង្ឃឹមដ៏មានតម្លៃសម្រាប់អ្នកទទួល។ ជាពិសេស ការយកចិត្តទុកដាក់ចំពោះជនមានពិការភាព គឺជាការបង្ហាញពីសង្គមដែលមានមនុស្សធម៌ សមធម៌ និងបរិយាបន្ន។ ការរួមគ្នាពីរាជរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍ នឹងរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែមានសុខដុមរមនា និងវិបុលភាព។

ជាចុងបញ្ចប់ តាងនាមឱ្យប្រជាពលរដ្ឋស្រុកបាធាយ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ជនមានពិការភាពចំនួន ១៣១គ្រួសារ នេះ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia