Connect with us

ព័ត៌មាន

ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយអាជ្ញាធរកូរ៉េ ដើម្បី​ប​ន្ត​កិច្ច​សហប្រតិបត្តិការ​គាំពារដល់អត្ថប្រយោជន៍ពលករកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញ​ជួប​សំណេះ​សំណាល និងពិភាក្សាការងារជាមួយលោក Choi Won-yong អភិបាលក្រុងផ្យង់ថេក នៅ​សាលា​ក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ ដោយភាគីទាំងពីរ បានពិភាក្សាគ្នា ក្នុង​ការ​ជំរុញកិច្ចសហប្រតិបត្តិការ គាំពារអត្ថប្រយោជន៍ពលករកម្ពុជា ដែល​កំពុង​បម្រើ​ការ​ងារ​នៅ​ក្នុង​ប្រទេសកូរ៉េ។

ក្នុងជំនួបនោះ ​ភាគីទាំងពីរ បានពិភាក្សាអំពីកាលានុវឌ្ឍភាព ក្នុងការពង្រឹងកិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌ និងលទ្ធភាពក្នុង​ការ​បង្កើត​ចំណង​សម្ព័ន្ធ​មេត្រី​ភាពរវាងក្រុងផ្យង់ថេក និងទីក្រុងភ្នំពេញ ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនលោកអភិបាលក្រុងថា បងប្អូនសហគមន៍ខ្មែរមួយចំនួន បានបំរើការងារនៅប្រទេសកូរ៉េ អស់រយៈពេលជាច្រើនឆ្នាំ ដោយពួកគេបានរៀនសូត្រពីជំនាញ បច្ចេកទេសការងារ ហើយក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកូរ៉េ ផងដែរ ដោយឯកឧត្តមសង្ឃឹមថា លោកអភិបាលក្រុង នឹងពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងបណ្តុះបណ្តាលជំនាញ ដើម្បីផ្តល់ឱកាសឲ្យពួកគាត់អាចអភិវឌ្ឍខ្លួន និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើលោកអភិបាលក្រុង ពិនិត្យលទ្ធភាពដឹកនាំក្រុមហ៊ុនកូរ៉េរបស់ក្រុងផ្យង់ថេកទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យក្រុមហ៊ុននៃប្រទេសទាំងពីរចាប់ដៃគូអាជីវកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយគ្នា។ ឯកឧត្តម ក៏បានស្នើសុំសាលាក្រុងពិនិត្យលទ្ធភាពក្នុងរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នា កម្ពុជា-កូរ៉េ ដើម្បីលើកកម្ពស់ទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការរវាងស្ថានទូត និងក្រុងផ្យង់ថេក និងកិច្ចសហការក្នុងការគាំពារអត្ថប្រយោជន៍ របស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងតំបន់ផ្យង់ថេក ផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia