Connect with us

ព័ត៌មាន

យុវជនខ្មែរគោរពប្រតិបត្តិបានខ្ជាប់ខ្ជួនក្នុងការថែរក្សាទំនៀមទម្លាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ យុវជនខ្មែរបានគោរពប្រតិបត្តិ ថែ​រក្សា​ទំនៀម​ទម្លាប់​បាន​ខ្ជាប់​ខ្ជួន​ ក្នុងពេលទៅធ្វើបុណ្យនៅវត្តអារាមនានា។

ក្នុងពេលមកធ្វើបុណ្យនៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ​២០២៦នេះ ក្រុមយុវជនបានប្រាប់BTVថា ជាទំនៀម​ទម្លាប់​ពី​ដូនតា​មក​ឱ្យ​តែ​ដល់​ពិធី​បុណ្យ​កាន់​បិណ្ឌ និងភ្ជុំបិណ្ឌ តែងតែមកវត្តអារាម ដោយភ្ជាប់មកជាមួយម្ហូបអាហារ និងទេយ្យទាន​ផ្សេងៗ​ទៀត ​ប្រគេនព្រះសង្ឃ និងឧទ្ទិកុសលផល​បុណ្យ​ដល់​ញាតិ​សណ្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​។ ម្យ៉ាងវិញទៀត ក៏ជាការចូលរួមថែរក្សាទំនៀមទម្លាប់ពីដូនតាបន្សុលទុកអោយ ឱ្យនៅ​គង់​វង្ស​ស្ថិត​ស្ថេរ​តទៅ​ដល់អ្នកជំនាន់ក្រោយ។ យុវជនទាំងនោះបន្តថា ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា ការ​ធ្វើបុណ្យទានមិនគិតវ័យចាស់ ឬកេ្មងនោះឡើយ ។

ព្រះតេជគុណ ផន ផេង ព្រះគូ្រសូធ្យស្តាំវត្តព្រែកប្រា មានសង្ឃដីកាប្រាប់BTVដែរថា តាម​ការ​សង្កេត​ក្នុង​ឱកាសពិធីបុណ្យកាន់បិណ្ឌចំនួន៥ថ្ងៃនេះ ពុទ្ធបរិស័ទទាំងក្មេង យុវជន និង​មនុស្ស​ចាស់ ​មកធ្វើបុណ្យនៅវត្តព្រែកប្រាជាបន្តបន្ទាប់ គ្រាន់តែចំថ្ងៃចុ​ង​សប្តាហ៍​មាន​ពុទ្ធ​បរិស័ទ​មក​ច្រើន​។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​តែង​តែ​ប្រារព្ធ​ធ្វើជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ពិធីបុណ្យនេះ មានសារៈសំខាន់ និង​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅបំផុត ព្រោះជាឱកាសដ៏​វិសេស​វិសាល​សម្រាប់​ប្រជា​រាស្ត្រ​ខ្មែរ​ទាំង​អស់​មិន​ថា ​នៅទីជិត ឬទីឆ្ងាយ បានធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ញាតិមិត្ត និង​ចូលរួមធ្វើបុណ្យតាមប្រពៃណី នៅតាមលំនៅឋាន និងវត្តអារាម។ ម្យ៉ាងវិញទៀត ជាពេល​វេលាដែ​ល​ប្រជាពលរដ្ឋខ្មែរបង្ហាញនូវកតញ្ញូតាធម៌គោរពប្រតិបត្តិចំពោះអ្នកមានគុណ ព្រម​ទាំង​ឧទ្ទិស​កុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិសន្តានដែល​បាន​លាចាក​លោក​នេះ​ទៅ​ហើយ​។ សម្រាប់ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែកញ្ញា រហូត​ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia