ព័ត៌មាន
ក្រសួងការងារ ជំរុញសហគ្រាស រោងចក្រនៅខេត្តព្រះសីហនុ ពង្រឹងឥរិយាបថ និងទំនាក់ទំនងការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងផលិតភាព
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី “ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងការងារនៅកន្លែងធ្វើការ” នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ជិត ៣០០នាក់ មកពីរោងចក្រចំនួន ១៣០ ក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងដោយវិជ្ជាជីវៈ ការគោរពសេចក្ដីថ្លៃថ្នូរគ្នាទៅវិញទៅមក ការលើកកម្ពស់ផលិតភាពការងារ និងស្ថិរភាពការងារ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងបរិយាកាសការងារប្រកបដោយការគោរព និងវិជ្ជាជីវៈ ដោយចៀសវាងការប្រើពាក្យសម្ដី ឥរិយាបថ ឬសកម្មភាពមិនសមរម្យ ដែលអាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ទំនាក់ទំនងការងារ និងបរិយាកាសនៅកន្លែងធ្វើការ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា និយោជក អ្នកគ្រប់គ្រង និងកម្មករនិយោជិត ត្រូវរួមគ្នាអនុវត្តច្បាប់ និងបទបញ្ជាផ្ទៃក្នុង ខណៈជនបរទេសដែលធ្វើការនៅកម្ពុជា ត្រូវបំពេញលក្ខខណ្ឌតម្រូវស្របតាមច្បាប់ ឈ្វេងយល់ និងគោរពវប្បធម៌ ទំនៀមទម្លាប់ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។

ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់ម្ចាស់ និងនាយកសហគ្រាស ឱ្យពង្រឹងគោលការណ៍ និងយន្តការផ្ទៃក្នុងសម្រាប់ការប្រាស្រ័យទាក់ទងប្រកបដោយការគោរព ពិនិត្យ និងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សជាប្រចាំ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៅគ្រប់កម្រិត និងកែលម្អចំណុចខ្វះខាតឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ សហគ្រាសត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហារវាងនិយោជក និងកម្មករនិយោជិតតាំងពីដំណាក់កាលដំបូង និងអាចរៀបចំប្រអប់បណ្ដឹង ឬប្រអប់ទទួលសំណូមពរ ដើម្បីឱ្យបញ្ហាផ្សេងៗត្រូវបានទទួល និងដោះស្រាយបានទាន់ពេលវេលា។
ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអ្នកគ្រប់គ្រង និងបុគ្គលិកដែលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ចូលរួមវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិការងារ និងរៀនប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដើម្បីសម្រួលដល់ការឈ្វេងយល់របស់អ្នកគ្រប់គ្រងជាជនបរទេស ក្រសួងក៏បានបកប្រែច្បាប់ស្ដីពីការងារជាភាសាអង់គ្លេស ចិន កូរ៉េ និងជប៉ុន ដើម្បីបង្កើនការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ច និងលើកកម្ពស់វប្បធម៌អនុលោមភាពនៅសហគ្រាស។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងផ្ដល់អាទិភាពលើការអនុវត្តវិធីសាស្ត្រ “ជួប ពន្យល់ និងរំឭក” ដើម្បីបង្កើនការយល់ដឹង កែសម្រួលឥរិយាបថ និងបង្ការកុំឱ្យបញ្ហាកើតឡើងដដែលៗនៅកន្លែងធ្វើការ ព្រមទាំងលើកកម្ពស់ការអនុលោមតាមច្បាប់ ពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងធានាបាននូវសុខដុមនីយកម្មក្នុងសហគ្រាស សំដៅសម្រេចបាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។
ក្រសួងនឹងបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមនិយោជក សហជីព និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងរួមគ្នាកសាងបរិយាកាសការងារប្រកបដោយសុវត្ថិភាព វិន័យ ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការល្អ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាស និងគណៈគ្រប់គ្រងទាំងអស់ នឹងយកចំណុចសំខាន់ៗ និងវិធានការដែលបានពិភាក្សា និងណែនាំទៅផ្សព្វផ្សាយ និងអនុវត្តឱ្យបានជាក់ស្ដែងនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្ររបស់ខ្លួន ដើម្បីលើកកម្ពស់ផលិតភាព រក្សាស្ថិរភាពការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕


-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា