Connect with us

ព័ត៌មាន

ក្រុមហ៊ុន អូស៊ីអាយស៊ី និង WCCI សហការគ្នាបង្កើតសាកលវិទ្យាល័យអាកាសចរណ៍ដំបូងគេនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន World Citi Colleges International, Inc. (WCCI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតសាកលវិទ្យាល័យអាកាសចរណ៍ដំបូងគេ WCC International Aero Tech University (WCC IATU) នៅរាជធានីភ្នំពេញ ក្នុងគោលដៅពង្រីកការអប់រំជំនាញឯកទេស និងបណ្តុះបណតាលនិស្សិតកម្ពុជាឱ្យត្រៀមខ្លួនសម្រាប់អាជីពផ្នែកបច្ចេកទេស និងប្រតិបត្តិការក្នុងការវិស័យអាកាសចរណ៍។

ពិធីចុះហត្ថលេខានេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ រវាងឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន OCIC, លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC និងលោក Raymond Patrick Guico នាយកប្រតិបត្តិ នៃក្រុមហ៊ុន WCCI។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លី សុវណ្ណារិទ្ធ តំណាងលេខាធិការដ្ឋានរដ្ឋបាលអាកាសចរស៊ីវិល និងតំណាងស្ថានទូតកាណាដា ហ្វីលីពីន និងបារាំងផងដែរ។

នៅដំណាក់កាលដំបូង សាកលវិទ្យាល័យ «WCC IATU» នឹងផ្តល់ជូនកម្មវិធីថ្នាក់បរិញ្ញាបត្រចំនួន ៣ រួមមាន៖បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិស្វកម្មថែទាំយន្តហោះ (Mechanical & Avionics), បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ និងបរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងទេសចរណ៍ ជាមួយកម្មវិធីបណ្តុះបណ្តាលបុគ្គលិកបម្រើការលើយន្តហោះ (Flight Attendant)។

ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា វិស័យអាកាសចរណ៍នាំមកនូវការជួបជុំគ្នានៃមនុស្សមកពីវិស័យជំនាញផ្សេងៗគ្នាជាច្រើន។ តាមរយៈភាពជាដៃគូជាមួយ WCCI យើងចង់បើកឱកាសឱ្យយុវជនកម្ពុជាកាន់តែច្រើនអាចចូលរួមក្នុងវិស័យនេះ និងប្រែក្លាយចំណង់ចំណូលចិត្តរបស់ពួកគេទៅជាអាជីពការងារ។

លោក Thierry Tea បានលើកឡើងថា ចក្ខុវិស័យ គឺបណ្តុះបណ្តាលអ្នកជំនាញផ្នែកអាកាសចរណ៍ជនជាតិកម្ពុជាឱ្យមានកម្រិតស្តង់ដារអន្តរជាតិ។ នេះជាមូលហេតុដែលវិនិយោគលើការកសាងសមត្ថភាពក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍សម្រាប់យុវជនជំនាន់ក្រោយ។ ផ្អែកលើបទពិសោធន៍ការងាររបស់ខ្ញុំក្នុងវិស័យអាកាសចរណ៍ លោកជឿជាក់យ៉ាងមុតមាំថា វិស្វករ និងអ្នកបច្ចេកទេសផ្នែកអាកាសចរណ៍របស់កម្ពុជា នឹងមានអនាគតល្អមួយទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។

ដោយឡែក លោកនាយកប្រតិបត្តិ នៃ WCCI បានមានប្រសាសន៍ថា សាកលវិទ្យាល័យថ្មីនេះ នឹងផ្តល់ជូននិស្សិតកម្ពុជានូវការបណ្តុះបណ្តាលដ៏រឹងមាំលើជំនាញដែលពួកគេបានជ្រើសរើស ព្រមទាំងការយល់ដឹងច្បាស់លាស់អំពីអ្វីដែលវិស័យនេះត្រូវការ។

តាមរយៈភាពជាដៃគូនេះ WCCI នឹងនាំយកបទពិសោធន៍អប់រំផ្នែកអាកាសចរណ៍ពីប្រទេសហ្វីលីពីនមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្មវិធីសិក្សាឯកទេសរបស់ WCC IATU។ សាកលវិទ្យាល័យនេះ នឹងរួមបញ្ចូលគ្នានូវជំនាញឯកទេសទាំងនេះ ជាមួយនឹងបទពិសោធន៍របស់ក្រុមហ៊ុន OCIC ក្នុងការអភិវឌ្ឍគ្រឹះស្ថានអប់រំ និងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា។

សូមជំរាបជូនថា WCCI គឺជាគ្រឹះស្ថានអប់រំផ្នែកអាកាសចរណ៍ឈានមុខគេមួយនៅក្នុងប្រទេសហ្វីលីពីន និងជាផ្នែកមួយនៃក្រុមហ៊ុន World Citi Group ដែលមានប្រវត្តិក្នុងវិស័យអប់រំតាំងពីឆ្នាំ ១៩៧៨មកម្ល៉េះ។ សិស្សនិស្សិតជាង ១០ម៉ឺននាក់ បានបញ្ចប់ការសិក្សាពីគ្រឹះស្ថានអប់រំរបស់ក្រុមហ៊ុននេះ ហើយបច្ចុប្បន្នកំពុងបម្រើការងារទាំងនៅក្នុងប្រទេសហ្វីលីពីន និងនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia