Connect with us

ព័ត៌មាន

រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ

ភ្នំពេញ៖ លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់មន្រ្តីរាជការនៃរដ្ឋបាលខណ្ឌបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងការផ្ដល់សេវាសាធារណៈឲ្យបានលឿនរហ៍សទាន់ចិត្ត ជាពិសេសលោកគ្រូអ្នកគ្រូក្នុងមូលដ្ឋានខណ្ឌដូនពេញ បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ ដល់សិស្សានុសិស្សដើម្បីក្លាយជាធនធានល្អ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងក្នុងសង្គមជាតិ ។

នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយការងារ និងប័ណ្ណសរសើរជូនដល់មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោកប្រធានការិយាល័យពាក់ព័ន្ធ, មន្រ្តីជាប់កិច្ចសន្យារដ្ឋបាលខណ្ឌ, កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងលោកគ្រូ-អ្នកគ្រូ ដែលត្រូវទទួលបានគ្រឿងឥស្សរិយយសមេដាយការងារ។

ក្នុងនោះដែរលោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានលើកឡើង ក្នុងពិធីដោយកោតសរសើរ និងអរគុណ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការ ចំពោះកិច្ចខិតខំប្រឹងប្រែង ចំណាយកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងចំណេះដឹង ដើម្បីបំពេញតួនាទីជាអ្នកអប់រំ ជាអ្នកកសាង ធនធានមនុស្ស និងជាអ្នកបំរើសេវាសង្គមជូនពលរដ្ឋសម្រាប់សង្គមជាតិ។

លោកអភិបាលបានបន្តទៀតថា លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការគឺជាកម្លាំងស្នូលនៃការអភិវឌ្ឍធនធានមនុស្ស និងបម្រើសេវាសា ធារណៈ ជូនប្រជាពលរដ្ឋ ។ ទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថា ការអប់រំ គឺជាមូលដ្ឋាន ដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយលោកគ្រូ អ្នកគ្រូ គឺជាអ្នកដែលមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាល និងអប់រំកុមារ និងយុវជន ថែមទាំងជួយ បណ្តុះ សីលធម៌ វិន័យ គុណធម៌ ការទទួលខុសត្រូវ សាមគ្គីភាព និងស្មារតីស្រឡាញ់ជាតិ ដើម្បី ឱ្យសិស្សក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពចូលរួមអភិវឌ្ឍសង្គមជាតិ។

ជាចុងក្រោយលោកអភិបាល បានជំរុញដល់ទឹកចិត្តមន្រ្តីរាជការ ដែលទទួលបាន ក្លាយជាកម្លាំងចិត្តដ៏រឹងមាំសម្រាប់បន្តបេសកកម្មដ៏ថ្លៃថ្នូររបស់លោក គ្រូ អ្នកគ្រូ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងចូលរួមកសាងសង្គមជាតិឱ្យ កាន់តែរីកចម្រើន។ដូច្នេះការ ទទួលបានគ្រឿងឥស្សរិយយស និងប័ណ្ណសរសើរនាពេលនេះ គឺជាសក្ខីភាពមួយ បង្ហាញពី ការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់លោកគ្រូ អ្នក គ្រូ ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាពលរដ្ឋ៕

អត្ថបទ៖ កុម្ភៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia