Connect with us

ព័ត៌មាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

ភ្នំពេញ៖ ​​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ខែតុលា ឆ្នាំ២០២៦នេះ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដូចអាណត្តិមុនៗ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ តែងតែចាត់ទុកមនុស្សជាអាទិភាពទីមួយនៃយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដែលបន្តផ្ដល់អាទិភាពខ្ពស់ដល់ការកែលម្អគុណភាពអប់រំគ្រប់កម្រិត, ការពង្រឹងការបណ្ដុះបណ្ដាលជំនាញ, ការលើកកម្ពស់វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការកសាងប្រព័ន្ធអប់រំ ដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃសង្គម និងការអភិវឌ្ឍទីផ្សារនាពេលបច្ចុប្បន្ន និងពេលអនាគត។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ការវិនិយោគទៅលើវិស័យអប់រំ វិស័យសុខាភិបាល គឺជាអាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាល ដែលយើងហៅសរុបថា វិស័យសង្គមកិច្ច ដោយផ្ដោតទៅលើសុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ច្បាប់ថវិកាសម្រាប់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ឆ្នាំ២០២៧ខាងមុខ គឺមានការកើនឡើង ក្នុងនោះ វិស័យអប់រំ បើប្រៀបធៀបនឹងឆ្នាំ ២០២៦ គឺកើនឡើង ៤,៦% បើគិតជាថវិកា មានកំណើនខ្ទង់ជាង ២១០ ពាន់លានរៀល ដូច្នេះមិនមានថយទេ គឺមានតែកើន។ ចំណែកវិស័យសុខាភិបាល កើន ១,៥% ស្មើនឹងប្រមាណ ៤២ពាន់លានរៀល ឬប្រមាណ ១០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៦។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាទាំងក្នុងតំបន់ និងអន្តរជាតិ បាននឹងកំពុងធ្វើការកែទម្រង់ និងការអភិវឌ្ឍថ្មីៗ បង្កើនគុណភាព និងសមត្ថភាពប្រកួតប្រជែងអន្តរជាតិ ដោយសារសាកលវិទ្យាជាច្រើនផ្ដោតលើការស្រាវជ្រាវ និងនវានុវត្តន៍។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា និន្នាការថ្មីៗនៃឧត្តមសិក្សារួមមាន៖ ការអប់រំឌីជីថល, ការសិក្សាពេញមួយជីវិត, សាកលវិទ្យាល័យឆ្លាតវ័យ, ការរៀនផ្ទាល់ខ្លួន, ការស្រាវជ្រាវផ្អែកលើទិន្នន័យ, ការអប់រំផ្អែកលើសមត្ថភាព, និងការអប់រំផ្អែកលើលទ្ធផលសិក្សា។ សម្ដេចបញ្ជាក់ថា ក្នុងបរិបទនេះគ្រឹះស្ថានឧត្តមសិក្សា ក៏ត្រូវបន្តធ្វើទំនើបកម្ម កម្មវិធីសិក្សា និងវិធីសាស្រ្ដបង្រៀន ដើម្បីធានាថានិស្សិតបញ្ចប់ការសិក្សាមានសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារជាតិ តំបន់ និងអន្តរជាតិ។

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្ថែមថា ពិភពលោកនាសម័យឌីជីថលនេះ កំពុងឈានចូលសម័យ បញ្ញាសិប្បនិម្មិត ដែលកំពុងផ្លាស់ប្ដូររបៀបធ្វើការ របៀបរៀន និងរបៀបរស់នៅរបស់មនុស្សជាតិ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា៖«ការអប់រំមិនអាចផ្តោតតែទៅលើការទទួលសញ្ញាបត្រនោះទេ, ប៉ុន្ដែការអប់រំគឺធានា និងផ្ដោតសំខាន់ទៅលើការបណ្ដុះនិស្សិតឱ្យមានសមត្ថភាព គិត, វិភាគ, អនុវត្ត, ដោះស្រាយបញ្ហា, លក្ខណៈជាបុគ្គល និងលក្ខណៈជាក្រុម ដោយផ្ដោតទៅលើលទ្ធផល ក៏ដូចជាវិធីសាស្រ្តក្នុងការសម្រេចទៅលើលទ្ធផលនោះ»។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា៖«អត់មានការអប់រំ ការបណ្ដុះបណ្ដាលណាមួយនៅនឹងថ្កល់នោះទេ។ ហើយគ្មានប្រទេសណាមួយដែលគ្មានការស្រាវជ្រាវ នវានុវត្តន៍បន្ថែមទៀតទៅលើការអប់រំដែរ។ គោលដៅសំខាន់បំផុតចុងក្រោយ គឺជាសូចនាករមួយដែលចង់បាន ប៉ុន្ដែអ្វីដែលសំខាន់ដូចគ្នាគឺវិធីសាស្រ្ដនៅក្នុងការសម្រេចនូវលទ្ធផលនោះ ព្រោះវិធីសាស្រ្ដនេះហើយគឺជាកត្តាសំខាន់ មិនអាចគ្រាន់តែចុះឈ្មោះហើយចាំទទួលសញ្ញាបត្រ ដេកតែផ្ទះ គ្រប់៤ឆ្នាំទទួលសញ្ញាបត្រនោះទេ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដីចោទសួរថា តើចង់បានសញ្ញាបត្រមួយសន្លឹក ឬមួយក៏ចង់បានសញ្ញាឃើញនៅក្នុងខ្លួន ដើម្បីយកទៅធ្វើ? អីចឹងការអប់រំនៅក្នុងសាលានីមួយៗ ក្នុងការអប់រំបែបនេះ ឥរិយាបថនៅក្នុងការសម្រេចភារកិច្ច។ បើយើងចង់ស្រួលមិនបាច់ទេ អីចឹងតិចទៀតដល់សម័យ AI នេះកាន់តែសំខាន់ ព្រោះកាន់តែស្រួល ការវិភាគទិន្នន័យ និងស្រាវជ្រាវ ប៉ុន្ដែ AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្ដែដែលមនុស្សចេះប្រើ AI នឹងមានប្រៀបជាងមនុស្សដែលមិនចេះប្រើវា។

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ជំរុញឱ្យសិស្ស និស្សិតត្រូវរៀនបច្ចេកវិទ្យា ដើម្បីពន្លឿនការស្វែងរកព័ត៌មាន និងការរៀបចំទិន្នន័យ ដើម្បីឈានទៅរកការវិភាគ វិនិច្ឆ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ណែនាំទាំងគ្រូ និងសិស្ស និស្សិតឱ្យមានការយកចិត្តទុកដាក់នៅក្នុងការអប់រំ, កុំឱ្យពឹងទាំងស្រុកទៅលើ AI និងទៅលើបច្ចេកវិទ្យា។ ប្រើប្រាស់វាចុះ ប៉ុន្ដត្រូវមានព្រំដែនច្បាស់លាស់ កុំពឹងផ្អែកលើវា។ ប្រើវា ដើម្បីជំនួយឱ្យយើងនៅក្នុងការគិត និងសម្រេចដាក់ចេញគោលការណ៍ និងជួយសម្រេចនូវកិច្ចការ លទ្ធផលដែលយើងចង់បានក្រោយពីការគិតរបស់យើង។ កុំរឿងអីទៅសួរ AI ទាំងអស់ មិនបាច់ស្រាវជ្រាវ មិនបាច់អានសៀវភៅនោះទេ។

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា AI យើងពឹងទៅលើទិន្នន័យលើប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះបើបើទិន្នន័យមិនសុក្រឹត,ការទាញយកមកឱ្យយើងក៏វាអត់សុក្រឹតដែរ។ សម្ដេចបង្ហាញការបារម្ភចំពោះ AI មួយទៀត ដែលពឹងយូរទៅ ក្លាយទៅជាអ្នកសម្រេចចិត្តឱ្យមនុស្សដែលនេះគឺជាគ្រោះថ្នាក់។ សម្ដេចថ្លែងថា ម៉ាស៊ីនទោះបីពូកែយ៉ាងណាអត់ដូចមនុស្សទេ ខណៈការសម្រេចចិត្តរបស់មនុស្សវាផ្អែកទៅលើកត្តាច្រើន កត្តាវប្បធម៌ កត្តាអារម្មណ៍ កត្តាមនោសញ្ចេតនា កត្តាកាលៈទេសៈ បើមនុស្សចាប់ផ្ដើមប្រើ ពឹងលើ AI ហើយ គឺចប់ហើ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ការបណ្ដុះបណ្ដាល ការអប់រំ ដែលប្រើប្រាស់បច្ចេកវិទ្យា គឺត្រូវតែប្រើ ប៉ុន្ដែកុំពឹងផ្អែកទៅលើវា។ អីចឹង ឥរិយាបថ, គោលការណ៍, បទបញ្ជាផ្ទៃក្នុងរបស់សាលា ដែលបណ្ដុះបណ្ដាល គឺត្រូវតែធ្វើសម្រេចភារកិច្ចនេះឱ្យបាន។ ចេះប្រើ តែកុំពឹងវា។ ត្រូវមានវិធីសាស្រ្តដើម្បីពិន័យ និងលើកទឹកចិត្ត។

សម្ដេចធិបតី៖ ការបង្កើតឱ្យមានកាតព្វកិច្ចយោធា គឺជាការវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្សមួយដែលមានឥរិយាបថត្រឹមត្រូវ វិន័យ ជំនាញ និងបំណិន ក្រោមការអប់រំ បណ្ដុះបណ្ដាល អនុវត្តវិន័យយ៉ាងតឹងរឹង និងការធ្វើការជាក្រុមដើម្បីជួយគ្នាសម្រេចភារកិច្ច។

សម្ដេចធិបតី៖ ការហ្វឹកហ្វឺន គឺជាចំណុចសំខាន់បំផុត នៃការធ្វើកំណែទម្រង់ទំនើបកម្មកងទ័ព នាសម័យ កាលនេះ ពិសសការហ្វឹកហ្វឺនប្រើប្រាស់បច្ចេកវិទ្យា ដ្រូន ឬ AI និងជំនាញជាច្រើនទៀត ដែលអ្នកបំពេញកាតព្វកិច្ចយោធានឹងទទួលបាន។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia